ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់-ទទួលជំនួយ រដ្ឋាភិបាលចិនអំពី គម្រោងជួសជុល និងអភិរក្សប្រាសាទតាកែវ នៃរមនីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ខេត្តសៀមរាប។
សូមរំលឹកថា លោក លី ខឺឈាង បានអញ្ជើញមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធជាមួយអាស៊ាន។
ក្នុងដំណើរទស្សនកិច្ចលើកនេះ លោកនាយករដ្ឋមន្រ្តីចិន ក៏បានពាំនាំមកនូវគម្រោងជំនួយជាច្រើន សម្រាប់អភិវឌ្ឍន៍ប្រទេសកម្ពុជា ផងដែរ។
នៅក្នុងជំនួបជាមួយ សម្ដេចតេជោ ហ៊ុន សែន កាលពីល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២លោកនាយករដ្ឋមន្ត្រីចិន បានអះអាងថា «ទោះបីជា យ៉ាងណាក៏ដោយ ចិននឹងបន្តជួយកម្ពុជា ឱ្យមានវឌ្ឍនភាពបន្ថែមទៀត ក្នុងនោះចិននឹងផ្តល់ជំនួយបន្ថែមដល់កម្ពុជា ទៅលើវិស័យជារួមមាន ទី១)ទឹកប្រាក់ចំនួន ២០០លានយ័ន្តសម្រាប់ជួយកែលម្អ ជីវភាពប្រជាពលរដ្ឋកម្ពុជា»។
លោក លី ខឺឈាង បន្ថែមថា «ចិននឹងបន្តជួយដល់ការស្តារឡើងវិញនូវបេតិកភណ្ឌកម្ពុជា បង្កើនចំនួននិស្សិតកម្ពុជាទៅបន្តការសិក្សានៅប្រទេសចិន ជួយដល់សកម្មភាព ដោះមីន ជួយដល់ការរៀបចំការប្រកួតស៊ីហ្គេមនៅឆ្នាំខាងមុខ ក៏ដូចជាជួយដល់កីឡាករកីឡាការិនីកម្ពុជា ជួយការស្ថាបនា ស្ពានឆ្លងទន្លេមេគង្គ ជួយដល់ការស្ថាបនាផ្លូវដែកតភ្ជាប់កម្ពុជា-ថៃ-ឡាវ និងប្រទេសចិន និងជាពិសេសជួយកម្ពុជាក្នុងវិស័យកសិកម្ម ធ្វើយ៉ាងណាឱ្យផលិតផលកសិផលរបស់កម្ពុជា មានគុណភាពអាចនាំចេញទៅប្រទេសចិន ស្របតាមកូតាដែលប្រគល់ជូន ក៏ដូចជាមានគុណភាព សម្រាប់នាំចេញ ទៅប្រទេសក្រៅផងដែរ»៕