ព័ត៌មានជាតិ

គម្រោងផ្លូវដែកតភ្ជាប់ កម្ពុជា-ថៃ-ឡាវ និងចិន ត្រូវបានលើកឡើង ក្នុងដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្រ្តីចិន នៅកម្ពុជា

ភ្នំពេញ៖ ក្រៅពីកញ្ចប់ជំនួយ ជាច្រើនសម្រាប់កម្ពុជា នៅក្នុងដំណើរទស្សនកិច្ច របស់លោកនាយករដ្ឋមន្រ្តីចិន លី ខឺឈាងមកកាន់​កម្ពុជា​ ក៏បានលើកឡើងនូវគម្រោង ស្ថាបនាផ្លូវដែកតភ្ជាប់កម្ពុជា-ថៃ-ឡាវ និងប្រទេសចិន ផងដែរ។

ថ្លែងនៅក្នុងជំនួប ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ លោក លី ខឺឈាង បានលើកឡើងថា ចិននឹងបន្តជួយដល់ការស្តារឡើងវិញ នូវបេតិកភណ្ឌកម្ពុជា បង្កើនចំនួននិស្សិតកម្ពុជា ទៅបន្តការសិក្សានៅប្រទេសចិន ជួយដល់សកម្មភាពដោះមីន ជួយដល់ការរៀបចំការប្រកួតស៊ីហ្គេម នៅឆ្នាំខាងមុខ ក៏ដូចជាជួយដល់កីឡាករកីឡាការិនីកម្ពុជា ។

ក្រោពីនេះលោកនាយករដ្ឋមន្រ្តីចិន ក៏បានគូសបញ្ជាក់ថា «ចិននឹងជួយការស្ថាបនាស្ពានឆ្លងទន្លេមេគង្គ ជួយដល់ការស្ថាបនាផ្លូវដែក តភ្ជាប់កម្ពុជា-ថៃ-ឡាវ និងប្រទេសចិន និងជាពិសេសជួយកម្ពុជាក្នុងវិស័យកសិកម្ម ធ្វើយ៉ាងណាឱ្យផលិតផលកសិផល របស់កម្ពុជា មានគុណភាពអាចនាំចេញទៅប្រទេសចិន ស្របតាមកូតាដែលប្រគល់ជូន ក៏ដូចជាមានគុណភាព សម្រាប់នាំចេញទៅប្រទេសក្រៅផងដែរ»។

សូមរំលឹកថា លោក លី ខឺឈាង បានអញ្ជើញមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល ពាក់ព័ន្ធជាមួយអាស៊ាន ៕

To Top