ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំអាស៊ាន អញ្ជើញជួបប្រជុំជាមួយ អន្តរសភាអាស៊ាន

ភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និង ជាប្រធានអាស៊ាន ព្រមទាំងមេដឹកនាំកំពូល ប្រទេសសមាជិក អាស៊ាន បានអញ្ជើញចូលរួមប្រជុំ ជាមួយអន្តរសភាអាស៊ាន (អាយប៉ា-AIPA) ដែលរៀបចំឡើង នៅសណ្ឋាគារ សុខាភ្នំពេញ ។

កិច្ចប្រជុំនេះ សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភា នៃបណ្តាប្រទេស សមាជិកអាយប៉ា ចូលរួមកិច្ចប្រជុំទល់មុខ ជាមួយមេដឹកនាំអាស៊ាន ។

កិច្ចប្រជុំទល់មុខគ្នារវាងអាស៊ាន និងអាយប៉ា ដែលបានរៀបចំឡើងនៅ រាល់កិច្ចប្រជុំកំពូលអាស៊ាន គឺជាជំនួបផ្លូវការកម្រិតខ្ពស់បំផុត របស់អាស៊ាន និងអាយប៉ា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នទាំងពីរ និងដើម្បីពិភាក្សាស៊ីជម្រៅ លើកិច្ចការរបស់អាស៊ាន នៅគ្រប់កម្រិត ក្នុងន័យឆ្ពោះទៅរកគោលបំណងរួមរបស់អាស៊ាន គឺសន្តិភាព ស្ថិរភាព និងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ជាមួយការពន្លឿន និងជំរុញឱ្យសម្រេចបាននូវសហគមន៍អាស៊ានមួយ និងត្រៀមខ្លួន សម្រាប់ការពង្រីកអាស៊ាន នាពេលអនាគត។

គណៈប្រតិភូសភា នៃបណ្តាប្រទេស ជាសមាជិកអាយប៉ា បាននាំយកនូវធាតុចូល ដែលជាទស្សនៈរួមក្នុងនាមប្រទេសជាសមាជិកអាយប៉ា ដាក់បញ្ចូលទៅក្នុងសារ ដែលនឹងត្រូវថ្លែង ដោយសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានប្តូរវេនអាយប៉ា លើកទី៤៣ នៅចំពោះមុខថ្នាក់ដឹកនាំអាស៊ាន ។

សូមរំលឹកថា កិច្ចប្រជុំរវាងថ្នាក់ដឹកនាំអាស៊ាន និងអាយប៉ា លើកទី១ ត្រូវបានចាប់ផ្តើមអនុវត្តន៍ជាលើកដំបូង នាកិច្ចប្រជុំកំពូលអាស៊ានលើកទី១៤ នៅឆ្នាំ២០០៩ នៅខេត្តហ៊ួហ៉ីន ប្រទេសថៃ ក្រោមគំនិតផ្តួចផ្តើម របស់សភាប្រទេសសមាជិកអាយប៉ា និងអាស៊ាន ។ ចាប់ពីពេលនោះមក កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅចំនួន ១០លើករួចមកហើយ ដែលលើកចុងក្រោយ នៅឆ្នាំ២០២០ ធ្វើនៅទីក្រុងហាណូយ ប្រទេសវៀតណាម តាមប្រព័ន្ធនិម្មិត (ប្រព័ន្ធវីដេអូ)។ ឆ្នាំនេះជាកិច្ចប្រជុំលើកទី១១ ដែលសភាកម្ពុជា ទទួលរៀបចំ និងដឹកនាំកិច្ចប្រជុំទល់មុខគ្នារវាងអាស៊ាន និងអាយប៉ានេះ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top