នយោបាយ

ព្រុយណេ គាំទ្រយ៉ាងពេញទំហឹង ចំពោះកម្ពុជាក្នុងនាម ជាប្រធានអាស៊ាន

ភ្នំពេញ៖ លោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូសូហ្វ រដ្ឋមន្ត្រីការបរទេសទី២ នៃប្រទេសព្រុយណេ បានថ្លែងថា ព្រុយណេ គាំទ្រយ៉ាងពេញទំហឹង ចំពោះកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន និងលោក ប្រាក់ សុខុន ជាប្រេសិតពិសេស របស់ប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា ។

កាលពីថ្ងៃទី៩ វិច្ឆិកា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូសូហ្វ បានជួបប្រជុំទ្វេភាគី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅភ្នំពេញ ។

ក្នុងជំនួបនោះរដ្ឋមន្ត្រីការបរទេសទាំងពីរ បានផ្ដោតការពិភាក្សាលើការត្រៀមរៀប ចំព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ របស់ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ ប៊ុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ ព្រះមហាក្សត្រព្រុយណេ មកកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ខណៈដែលប្រទេសទាំងពីរ ប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូត ។

ឆ្លៀតក្នុងឱកាសនោះ លោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូសូហ្វ បានសម្តែងការអបអរសារទរ យ៉ាងកក់ក្តៅ ជូនចំពោះលោកឧបនាយករដ្ឋមន្ត្រី ក្នុងឱកាសបុណ្យឯករាជ្យជាតិ លើកទី៦៩ នៃព្រះរាជាណាចក្រកម្ពុជា ។ លោក ប្រាក់ សុខុន បានឆ្លើយតបដោយបានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ។

លោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូសូហ្វ ក៏បានអបអរសាទរកម្ពុជា ជាប្រធានអាស៊ានឆ្នាំ២០២២ ប្រកបដោយសមត្ថភាព និងបានគូសបញ្ជាក់អំពីសារៈសំខាន់ នៃមជ្ឍភាពអាស៊ាន ក្នុងការដោះស្រាយបញ្ហាតំបន់ដ៏ស្មុគស្មាញនានា រួមទាំងបញ្ហាមីយ៉ាន់ម៉ា។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណព្រុយណេ សម្រាប់ការគាំទ្រមិនងាករេ ចំពោះកម្ពុជាជាប្រធានអាស៊ាន។

លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា កម្ពុជាជាប្រធានអាស៊ាន សូមបញ្ជាក់សាជាថ្មីពីការប្ដេជ្ញាបន្តគាំទ្រមីយ៉ាន់ម៉ា ក្នុងនាមជាសមាជិកគ្រួសារ តាមរយៈការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំនុចរបស់អាស៊ាន ។

លោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូសូហ្វ បានអញ្ជើញលោក ប្រាក់ សុខុន ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសព្រុយណេ នៅពេលវេលាសមស្រប ៕

To Top