ភ្នំពេញ ៖ ថ្លែងទៅកាន់ប្រមុន ដឹកនាំអាស៊ានសម្តេចហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអន្តរសភាអាស៊ាន លើកទី៤៣ (AIPA)បានគូសបញ្ជាក់ទៅកាន់ថ្នាក់ដឹកនាំ អាស៊ានថាការទូតសភា កាន់តែ មានសារៈសំខាន់ខ្លាំងឡើង ក្នុងការបង្កើតនូវវិធីសាស្រ្តពហុភាគី ដើម្បីដោះស្រាយបញ្ហា ដ៏ស្មុគស្មាញ ។

សម្តេច ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអ ន្តរសភាអាស៊ានលើកទី៤៣ (AIPA) បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អាយប៉ា ជួបប្រជុំទល់មុខ ជាមួយប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល អាស៊ាន ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានអាស៊ានឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ។

នៅក្នុងកិច្ចប្រជុំនេះ សម្តេចហេង សំរិន បានមានប្រសាសន៍លើកឡើងថា សព្វថ្ងៃនេះ អាស៊ាន ក៏ដូចជាប្រទេសដទៃ នៅលើសកលលោក កំពុងស្ថិតនៅក្នុងចំណុចមួយប្រឈ មទៅនឹងបញ្ហាកាន់តែស្មុគស្មាញ ។

សម្តេចបានបញ្ជាក់ថា៖« ការទូតសភាកាន់តែមានសារៈសំខាន់ខ្លាំងឡើង ក្នុងការបង្កើតនូវវិធីសាស្រ្តពហុភាគី ដើម្បីដោះស្រាយបញ្ហាដ៏ស្មុគស្មាញទាំងនេះ ដោយផ្អែកលើគុណតម្លៃរួមរបស់AIPA ដូចមានចែងនៅក្នុងលក្ខន្តិកៈ ដូចជាការលើកកម្ពស់គោលការណ៍សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ សន្តិភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់អាស៊ាន» ។

សម្តេចថា៖ជំនួបប្រជុំទល់មុខរវាងស្ថាប័ននី តិប្បញ្ញត្តិ និងនីតិប្រតិបត្តិអាស៊ាន ជាព្រឹត្តិការណ៍សំខា ន់មួយនៃកិច្ចប្រជុំកំពូលអាស៊ាន ដើម្បី AIPA ដែលជាស្ថាប័ននីតិប្បញ្ញត្តិ និងអាស៊ាន ដែលជាស្ថាប័ននីតិប្រតិបត្តិ ស្វែងយល់អំពីសភាពកា រណ៍រួម ធ្វើបច្ចុប្បភាពនៃកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរទស្សនៈ បទពិសោធន៍ពីគ្នាទៅវិញទៅមក នៅលើទិសដៅរួមមួយ គឺវិបុលភាពរបស់ពលរដ្ឋអាស៊ាន។

ប្រធានអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ បន្តថា AIPA សូមគាំទ្រយ៉ាងពេញទំហឹងចំពោះមូលបទ ដែលត្រូវបានជ្រើសរើសសម្រាប់កិច្ចប្រជុំកំពូលអា ស៊ានឆ្នាំ២០២៣ គឺ “អាស៊ានរួមគ្នាធ្វើ ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” ដែលជាមូលបទ មានសារៈសំខាន់ និងស្របតាមបរិបទពិភពលោក ដែលកំពុងវិវត្ត និងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស នាពេលបច្ចុប្បន្ននេះ ។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា សម្រាប់មហាសន្និបាតអាយប៉ា ដែលនឹងប្រព្រឹត្តទៅនៅចុងខែនេះ នឹងជ្រើសរើសមូលបទ “កាបោះជំហ៊ានជាមួយគ្នា ដើម្បីតំបន់អាស៊ានមួយ ប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់” ផ្តោតលើការស្តារសេដ្ឋកិច្ចសង្គមឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាការពង្រឹងពហុភាគីនិយម ដើម្បីធានាសន្តិភាព និងសន្តិសុខក្នុងតំបន់។

សូមជម្រាបថា ក្នុងនាមប្រធានអន្តរសភាអាស៊ានប្តូរវេននៅក្នុងឆ្នាំ២០២២នេះ សភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ មហាសន្និបាត AIPA លើកទី៤៣ ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកានេះដែរ បន្ទាប់ពីខាងរាជរដ្ឋាភិបាល ដែលជាប្រធានអាស៊ានឆ្នាំ២០២២ រៀបចំកិច្ចប្រជុំកំពូល អាស៊ានលើកទី៤០និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធនាពេលនេះ ។

សម្តេចហេង សំរិន បានលើកឡើងថា កិច្ចសន្ទនា និងការពិគ្រោះយោបល់នាពេលនេះ នឹងផ្តល់នូវលទ្ធផលដ៏ប្រសើរ ដោយធានាបានថា ឯកភាព និងម ជ្ឈភាពរបស់ អាស៊ាន នឹងត្រូវរក្សាបាន យើងអាចធ្វើការងាររួមគ្នា ដើម្បីជំរុញឲ្យការងើប ឡើងវិញពីជំងឺរាតត្បាតនេះ កាន់តែមានភាពរឹងមាំ និងល្អប្រសើរជាងមុន ហើយធ្វើយ៉ាងណា ដើម្បីពង្រឹងមូលដ្ឋានគ្រឹះ សំដៅសម្រេចបាននូវសហគមន៍អាស៊ាន មួយដែលមានភាពធន់ និងប្រកបដោយវិបុលភាព ៕



