ព័ត៌មានជាតិ

កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា នឹងអនុម័ត និងកត់សម្គាល់បញ្ជីឯកសារ ប្រហែល ១០០ឯកសារ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានថ្លែងឱ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលអាស៊ាន ពាក់ព័ន្ធជាមួយដៃគូ នៅប្រទេសកម្ពុជានាពេលនេះ នឹងអនុម័ត និងកត់សម្គាល់បញ្ជីឯកសារសមិទ្ធផល ដ៏វែងប្រហែល ១០០ឯកសារ ដើម្បីជាមគ្គុទេសក៍សម្រាប់សកម្មភាព និងសហប្រតិបត្តិការនាឆ្នាំតទៅមុខ។

ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ថ្វីត្បិតមានបញ្ហាប្រឈម ដ៏មហិមាទាំងអស់គ្នា បានរៀបចំនូវកិច្ច ប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស សហគមន៍សង្គម-វប្បធម៌អាស៊ាន សេដ្ឋកិច្ច ការពារជាតិ និងរដ្ឋមន្ត្រីផ្សេងទៀត នាពេលកន្លងមក ជាមួយនឹងលទ្ធផលគួរជាទីគាប់ចិត្ត។ ទាំងនេះ បង្ហាញពីសាមគ្គីភាព ទៅកាន់ពហុភាគីនិយម ភាពចាស់ទុំក្នុងទំនាក់ទំនងការទូតរបស់អាស៊ាន និងការប្ដេជ្ញាចិត្តរបស់អាស៊ាន ដើម្បីសន្តិភាព ស្ថិរភាព និងផ្នត់គំនិតមនុស្សធម៌សម្រាប់ប្រជាជនគ្រប់គ្នា។

សម្ដេចតេជោ បញ្ជាក់ថា «ខ្ញុំជឿជាក់ថា ស្មារតី សហប្រតិបត្តិការ និងការចូលរួមដោយស្ថាបនា ដែលបង្ហាញជាក់ស្ដែងកន្លងមក នៅតែអាចបន្តជា អាទិភាព ក្នុងកិច្ចពិភាក្សារបស់យើង ក្នុងរយៈពេល ៤ ថ្ងៃខាងមុខ។ ដោយឆ្នាំ២០២២ នឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលអាស៊ានពាក់ព័ន្ធជាមួយដៃគូ នឹងផ្តល់នូវដំណោះស្រាយ ដើម្បីសម្រេចនូវសមិទ្ធផល និងអាទិភាពគន្លឹះសម្រាប់ឆ្នាំ២០២២ របស់អាស៊ាន និងផ្សារភ្ជាប់ជាមួយនឹងទិសដៅសហប្រតិបត្តិការ នាពេលអនាគត។ ក្នុងកិច្ចប្រជុំទាំងនេះយើងនឹងអនុម័ត និងកត់សម្គាល់នូវបញ្ជីឯកសារសមិទ្ធផលដ៏វែង ចំនួនប្រហែល ១០០ ឯកសារ ដើម្បីជាមគ្គុទេសក៍សម្រាប់សកម្មភាព និងសហប្រតិបត្តិការរបស់យើងនាឆ្នាំតទៅមុខ»។

លើសពីនេះ សម្ដេច នាយករដ្ឋមន្ដ្រី បានលើកឡើងថា នាថ្ងៃខានស្អែកនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចសន្ទនាសកលអាស៊ានលើកទី២ ដើម្បីចែករំលែកទស្សនៈស៊ីជម្រៅ និងពិភាក្សាលើទិសដៅឆ្ពោះទៅកាន់ការស្ដារសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងការកសាងអាស៊ានប្រកបដោយចីរភាព និងភាពធន់ ក្នុងសម័យកាលក្រោយវិបត្តិនៃជំងឺកូវីដ-១៩។

សម្ដេចតេជោ ក៏បានសង្ឃឹមថា ថ្នាក់ដឹកនាំទាំងអស់ចូលរួមស្តាប់ទស្សនៈពីមេដឹកនាំ និងដៃគូអាស៊ាន ក៏ដូចជា ការយល់ឃើញពីស្ថាប័នអន្តរជាតិ និងតំបន់ តើតំបន់អាស៊ានអាចឆ្លងកាត់បញ្ហាប្រឈម និងកសាងសហគមន៍កាន់តែរឹងមាំសម្រាប់គ្រប់ៗគ្នា បានយ៉ាងដូចម្តេច?។ សម្ដេច ថា «ខណៈយើងធ្វើដំណើរទៅមុខ យើងក៏មិនត្រូវភ្លេចនូវអតីតកាល និងគុណតម្លៃ ដែលយើងបានកសាង និងថែរក្សានោះទេ។ ខ្ញុំជឿជាក់ថា បាវចនារបស់យើង អាស៊ាន ចក្ខុវិស័យតែមួយ, អត្តសញ្ញាណតែមួយ និងសហគមន៍តែមួយ នៅតែមានគុណតម្លៃពិតប្រាកដនាពេលនេះ»។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន បានស្នើឱ្យអង្គប្រជុំកំពូលអាស៊ានទាំងអស់ផ្ដោតលើគោលបំណងរួមនៃការអភិវឌ្ឍរួមគ្នា ដើម្បីសន្តិភាព ស្ថិរភាព និងឧត្តមភាពនៅតំបន់នេះ។

សម្ដេចតេជោ បញ្ជាក់ទៀតថា «ទំនាក់ទំនងរបស់យើងទាំងអស់គ្នា មិនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែតាមរយៈការប្រឹងប្រែង ការប្ដេជ្ញាចិត្ត និងការព្យាយាមជាច្រើនឆ្នាំ។ យើងត្រូវថែរក្សា និងដឹងគុណដល់អ្វីៗ ដែលយើងបានកសាង ដូចនេះការថែរក្សាឯកភាព សាមគ្គីភាព និងមជ្ឈភាពរបស់យើង គឺជាអាទិភាពចម្បងបំផុត ដើម្បីធានាឱ្យតំបន់យើងមានចីរភាព និងភាពធន់ សម្រាប់ព្រឹត្តិការណ៍ដែលអាចកើតមាននាពេលអនាគត»៕

To Top