ព័ត៌មានជាតិ

អាស៊ាន អនុញ្ញាតឱ្យទីម័រឡេស្តេ ចូលរួមជាសមាជិកទី១១ និងផ្តល់ឋានៈជាប្រទេសសង្កេតការណ៍

ភ្នំពេញ៖ អាស៊ាន បានឯកភាពគ្នាជាគោលការណ៍ អនុញ្ញាតឲ្យទីម័រឡេស្តេ ចូលរួមជាសមាជិកអាស៊ានទី១១ និងផ្តល់ឋានៈជាប្រទេសសង្កេតការណ៍ ។

តាមរយៈសេចក្តីថ្លែងការណ៍ របស់ប្រមុខដឹកនាំអាស៊ាន នាថ្ងៃទី១១ វិច្ឆិកានេះ បានឲ្យដឹងថា ប្រមុខដឹកនាំអាស៊ាន បានជួបប្រជុំគ្នានៅទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នាឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដោយពិចារណាលើលទ្ធផល នៃបេសកកម្មស្វែងរកការពិត របស់សសរស្តម្ភសហគមន៍ សន្តិសុខ-នយោបាយអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គម-វប្បធម៌អាស៊ាន ។

ប្រមុខដឹកនាំអាស៊ាន បានឯកភាពគ្នាថា «ជាគោលការណ៍ ទីម័រឡេស្តេត្រូវបានអនុញ្ញាតឱ្យ ចូលរួមជាសមាជិកអាស៊ានទី១១» ។

អាស៊ានបានផ្តល់ឋានៈជាប្រទេស សង្កេតការណ៍ដល់ទីម័រឡេស្តេ និងអនុញ្ញាតឱ្យទីម័រឡេស្តេចូលរួម ក្នុងកិច្ចប្រជុំអាស៊ានទាំងអស់ រួមបញ្ចូលទាំងសម័យប្រជុំពេញអង្គ នៃកិច្ចប្រជុំកំពូលអាស៊ាន។

ប្រមុខដឹកនាំអាស៊ាន បញ្ជាក់ថា បង្កើតជាផែនទីបង្ហាញផ្លូវផ្អែកលើលក្ខណៈវិនិច្ឆ័យអព្យាក្រឹត្យ សម្រាប់ការចូលជាសមាជិកពេញសិទ្ធិរបស់ទីម័រឡេស្តេ រួមទាំងផ្អែកលើសមិទ្ធផលសំខាន់នានា ដែលកំណត់ដោយរបាយការណ៍នៃបេសកកម្មស្វែងរកការពិតទាំងបីសសរស្តម្ភរបស់អាស៊ាន និងបានប្រគល់ភារកិច្ចជូនក្រុមប្រឹក្សាសម្របសម្រួលអាស៊ានក្នុងការបង្កើតផែនទីបង្ហាញផ្លូវនេះ ហើយត្រូវដាក់ជូនថ្នាក់ដឹកនាំអាស៊ានទាំងអស់អនុម័ត ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២។

ប្រមុខដឹកនាំអាស៊ាន បន្ថែមថា ប្រទេសសមាជិកអាស៊ានទាំងអស់ និងដៃគូខាងក្រៅត្រូវផ្តល់ការគាំទ្រ ដោយពេញលេញចំពោះ ទីម័រឡេស្តេ ក្នុងការឈានទៅសម្រេចបាន នូវសមិទ្ធផលដែលបានកំណត់ទាំងនោះ តាមរយៈការ កសាងសមត្ថភាព និងផ្តល់ការគាំទ្រចាំបាច់នានាផ្សេងទៀត សម្រាប់ការចូលជាសមាជិកអាស៊ាន ពេញសិទ្ធិរបស់ទីម័រឡេស្តេ ៕

To Top