ព័ត៌មានជាតិ

កម្ពុជា ស្នើADB បន្តគាំទ្រគម្រោងនានា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងឆ្លើយតបការ ប្រែប្រួលអាកាសធាតុ

ភ្នំពេញ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បន្តគាំទ្រនូវគម្រោងនានា ក្នុងវិស័យអាទិភាពមួយចំនួនរបស់កម្ពុជា ដើម្បីចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងឆ្លើយតបទៅនឹងការ ប្រែប្រួលអាកាសធាតុ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងសេដ្ឋកិច្ច។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ម៉ាសាស៊ូហ្គូ អាសាការ៉ា (Masatsugu Asakawa) ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លោក អូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹងថា ADB ដើរតួនាទីយ៉ាងសំខាន់ជួយ រាជរដ្ឋាភិបាលឆ្លើយតបភ្លាមៗ ក្នុងកាលៈទេសៈដ៏លំបាក ក្នុងការផ្តល់ហិរញ្ញប្បទានភ្លាមៗ ចំនួន ២៥០ លានដុល្លារ ជូនរាជរដ្ឋាភិបាលកម្ពុជាក្នុងការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការផ្ដល់ហិរញ្ញប្បទានបន្ថែមភ្លាមៗ ចំនួន ៤០០ លានដុល្លារទៀត សម្រាប់ការបន្តគាំទ្ររាជរដ្ឋាភិបាល ក្នុងការស្តារឡើងវិញនូវសេដ្ឋកិច្ច ក្រោយវិបត្តិជំងឺកូវីដ-១៩ តាមរយៈការអនុវត្ត «ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ ឆ្នាំ២០២១-២០២៣»។

លោក ឧបនាយករដ្ឋមន្ដ្រី បញ្ជាក់ថា «ស្នើADB បន្តគាំទ្រគម្រោង ក្នុងវិស័យអាទិភាពមួយចំនួន ដូចជា៖ ការអភិវឌ្ឍវិស័យកសិកម្ម ដើម្បីអាចធានាសន្តិសុខស្បៀងផង និងជំរុញការធ្វើពាណិជ្ជួបនីយកម្មផង, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង ដោយផ្តោតជាពិសេស លើការរៀបចំប្រព័ន្ធលូ ប្រព័ន្ធប្រព្រឹត្តកម្ម និងការគ្រប់គ្រងសំណល់ផ្សេងៗ ដោយមានការរៀបចំផែនការមេ និងផែនការវិនិយោគច្បាស់លាស់ រួមទាំងការគិតគូរអំពីយន្តការ ស្រង់ថ្លៃដើមថ្លៃ វិនិយោគ (Cost recovery) និងនិរន្តរភាពប្រតិបត្តិការផងដែរ, ការគ្រប់គ្រងធនធានទឹក ប្រកបដោយប្រសិទ្ធភាព តាមរយៈការវិនិយោគសាងសង់ ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ស្របតាមផែនការមេច្បាស់លាស់ ដើម្បីគាំពារជីវភាពរបស់ប្រជាកសិករ, ការលើកកម្ពស់កំណើនក្នុងវិស័យកសិកម្ម, ការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងឆ្លើយតបទៅនឹងការ ប្រែប្រួលអាកាសធាតុ»។

លោក ម៉សាស៊ីហ្គូ អាសាកាវ៉ បានថ្លែងកោតសរសើរ និងអបអរសាទរ ចំពោះភាពជោគជ័យលើសមរភូមិ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេលជាង ២ឆ្នំា កន្លងទៅនេះ ជាពិសេស ការដាក់ចេញនូវ «ផែនការយុទ្ធសាស្ត្រយុទ្ធនា ការជាតិចាក់វ៉ាក់សាំងកូដ-១៩ សំដៅបង្កើតឱ្យបាននូវភាពស៊ាំសង្គម-សេដ្ឋកិច្ច នៅកម្ពុជា ក្នុងឆ្នាំ ២០២១» កម្ពុជាបានសម្រេចការចាក់វ៉ាក់សាំង ជូនប្រជាជនប្រមាណ ៩១,១២% (បានចាក់គ្រប់ដួស) ធៀបនឹងប្រជាជនសរុបចំនួន ១៦លាននាក់៕

To Top