ព័ត៌មានជាតិ

ឃុំខ្លួនបុរសទំនើងម្នាក់ ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធខុសច្បាប់ និងបាញ់បោះសេរី

ភ្នំពេញ: បុរសទំនើងម្នាក់ កាលពីថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២២នេះ ត្រូវបានចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានី ធ្វើការឃុំខ្លួន ជាបណ្តោះអាសន្ន នៅក្នុង ពន្ធនាគារ ជាប់ពាក់ព័ន្ធនឹងការ ផ្ទុះអាវុធ ចំនួន២គ្រាប់ ក្នុងការគម្រាមបាញ់ សម្លាប់ បុរសម្នាក់ទៀត នៅ ក្នុង ជម្លោះពាក្យសម្តីនៃ ការបើកបររថយន្ត បុកចំ ជនរងគ្រោះកើតហេតុ កាលពីរសៀល ថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅនៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្ន របស់ជនជាប់ចោទ បានឱ្យដឹងថា: ជនត្រូវចោទ រូបនេះមានឈ្មោះ ទាក់ ឌី ភេទ ប្រុស អាយុ៣០ឆ្នាំ មុខរបរ ជាអ្នកលក់អចលនទ្រព្យ មានទីលំនៅបុរីឈូកវ៉ា២ ភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

ចំណែកឯ ជនរងគ្រោះ មាន ឈ្មោះ ហយ ហេន ភេទ ប្រុស អាយុ៤៧ឆ្នាំ មុខរបរ បើកបររថយន្ត រស់នៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និង រងរបួសជើង។

ជនត្រូវចោទត្រូវបាន តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ: ប៉ុនប៉ងមនុស្សឃាត និង ការប្រើប្រាស់អាវុធខុសច្បាប់ និង ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃ ៨ ខែ វិច្ឆិកា ឆ្នាំ ២០២២។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាលកងរាជអាវុធហត្ថ ដកហូតបាន កាំភ្លើងខ្លី១ ដើម និង រថយន្ត ម៉ាក Jeep មួយគ្រឿង ពីគាត់៕

ដោយ លីហ្សា

To Top