ព័ត៌មានជាតិ

កម្ពុជា-ចិន ពិភាក្សា​ និងឯកភាពគ្នា លើបញ្ហាជាច្រើន ទាំងក្នុងតំបន់ និងអន្តរជាតិ

ភ្នំពេញ៖ បញ្ហាតំបន់ អន្តរជាតិ និង​បញ្ហា​ជាច្រើនផ្សេងទៀត​ ត្រូវបានលើកយកមកពិភាក្សា នៅក្នុងជំនួបរវាង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយ លោកលី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងនោះ រួមមានទាំងបញ្ហា «សមុទ្រចិនខាងត្បូង» ផងដែរ។

សូមរំលឹកថា តបតាមការអញ្ជើញ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំអាស៊ាន-ចិន នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្នុងដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ បានឯកភាពជាឯកច្ឆន្ទលើចំណុចជាច្រើន តាមរយៈការផ្លាស់ប្ដូរ ទស្សនៈយ៉ាងស៊ីជម្រៅ លើទំនាក់ទំនងទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ ដែលជាប្រយោជន៍រួម ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-ចិន ឱ្យបានខ្លាំងក្លាថែមទៀត។

យោងតាមសេក្ដី ប្រកាសរួមរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន បានឱ្យដឹងថា ភាគីទំាងពីរបានសង្កត់ធ្ងន់អំពីសារសំខាន់ នៃការប្រកាន់ខ្ជាប់នូវពហុភាគីនិយម ពិតប្រាកដ ធ្វើទំនើបកម្មប្រជាធិបតេយ្យទំនាក់ទំនងអន្តរជាតិ និងការអភិវឌ្ឍអភិបាលកិច្ចសកល ឆ្ពោះទៅរកយុត្តិធម៌ និងសមធម៌កាន់តែធំធេង។

ភាគីទាំងពីរបានឯកភាព ប្រកាន់ខ្ជាប់ នូវនិយាម ជាមូលដ្ឋាន នៃទំនាក់ទំនងអន្តរជាតិ ការពារភាពមិនលម្អៀង និងយុត្តិធម៌អន្តរជាតិ ហើយប្រឆំាងរាល់ទម្រង់ នៃអនុត្តរភាពនយោបាយអំណាច ឯកតោភាគីនិយម និងភាពផ្ដាច់មុខ ផ្នត់គំនិតសង្គ្រាមត្រជាក់ ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ និងស្តង់ដារពីរ។

ភាគីទាំងពីរបានគាំទ្រ និងលើកឡើងថា ប្រទេសនានាគួរធ្វើការផ្លាស់ប្តូរ និងធ្វើកិច្ចសហប្រតិបត្តិការ លើផ្នែកសិទ្ធិមនុស្ស ដោយឈរលើមូលដ្ឋានស្មើភាព និងគោរពគ្នាទៅវិញទៅមក ជំនួសឱ្យការធ្វើនយោបាយតូបនីយកម្ម លើបញ្ហាសិទ្ធិមនុស្ស។

ភាគីទាំងពីរបានឯកភាព ពង្រឹងបន្ថែមទៀត នូវកិច្ចសម្របសម្រួល និងកិច្ចសហប្រតិបត្តិការ លើក្របខណ្ឌពហុភាគី រួមមាន កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន រួមគ្នាជំរុញការអភិវឌ្ឍ សហគមន៍វាសនារួមមេគង្គ-ឡានឆាង និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ អាស៊ាន-ចិន ឱ្យកាន់តែជិតស្និទ្ធ ដែលមានអត្ថន័យ ខ្លឹមសារ និងផលប្រយោជន៍ទៅវិញទៅមក។

ចិនបានគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ានពាក់ព័ន្ធ និងបានកោតសរសើរតួនាទី ដ៏សកម្មរបស់កម្ពុជា ក្នុងការលើកកម្ពស់ការអភិវឌ្ឍ ប្រកបដោយចីរភាព និងស្ថិរភាពយូរអង្វែងនៅក្នុងតំបន់។ កម្ពុជាបានថ្លែងអំណរគុណ ចំពោះស្មារតីភាពជាដៃគូ ដ៏រឹងមាំរបស់ចិន និងការគាំទ្រឥតងាករេ ចំពោះព្រឹត្តិការណ៍ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ភាគីទាំងពីរជឿជាក់ថា ដោយសារកិច្ចប្រឹងប្រែងរួមគ្នា នៃប្រទេសសមាជិកអាស៊ាន និងចិន ស្ថានភាពសមុទ្រចិនខាងត្បូងបានរក្សានូវស្ថិរភាពជារួម។

ភាគីទាំងពីរបានសង្កត់ធ្ងន់ថា «សេចក្តីប្រកាស ស្តីពីការប្រតិបត្តិរបស់បណ្តាភាគី នៅសមុទ្រចិនខាងត្បូង» បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង អស់រយៈពេលជាង ២០ ឆ្នាំមកហើយ ដោយអំពាវនាវដល់ភាគីពាក់ព័ន្ធ បន្តអនុវត្តឱ្យបានពេញលេញ និងប្រសិទ្ធភាព ធ្វើឱ្យកាន់តែស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការផ្លូវសមុទ្រជាក់ស្តែង និងឈានទៅសម្រេចនូវក្រមប្រតិបត្តិ សមុទ្រចិនខាងត្បូង ឱ្យបានឆាប់ ឈរលើមូលដ្ឋាន ឯកច្ឆន្ទទៅវិញទៅមក ដើម្បីកសាងសមុទ្រចិនខាងត្បូង ទៅជាសមុទ្រសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ៕

To Top