ព័ត៌មានជាតិ

ប្រធានាធិបតី​កូរ៉េខាងត្បូង​ សម្តែងសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងចៀសវាង ការយកពន្ធត្រួតគ្នា នឹងជំរុញឱ្យមានការវិនិយោគកូរ៉េនៅកម្ពុជា

ភ្នំពេញ៖ លោក Yoon Suk Yeol ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ បានសម្តែងនូវសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងចៀសវាងការយកពន្ធត្រួតគ្នា ដែលមានប្រសិទ្ធភាពអនុវត្តចាប់តាំងពីខែមករា ឆ្នាំ២០២២ នឹងជំរុញឱ្យមានការវិនិយោគ របស់កូរ៉េច្រើន ថែមទៀតនៅកម្ពុជា។

នៅក្នុងជំនួប រវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និង លោក Yoon Suk Yeol ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ថ្នាក់ដឹកនាំទាំងពីរ បានសម្តែងនូវសេចក្ដីពេញចិត្តចំពោះការវិវត្តនៃ ទំនាក់ទំនងទ្វេភាគី ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ ចាប់តាំងពីការបង្កើតនូវទំនាក់ទំនងការទូត នៃប្រទេសទាំងពីរ ដែលត្រូវបានបង្កើតឡើងដោយ សម្តេចតេជោផ្ទាល់។

ថ្នាក់ដឹកនាំទាំងពីរ បានកត់សម្គាល់ដោយរីករាយ ចំពោះការកើនឡើងនូវការវិនិយោគ របស់សាធារណរដ្ឋកូរ៉េ ដែលធ្វើឱ្យកូរ៉េឈរ នៅលេខរៀងទី២ ក្នុងចំណោមដៃគូវិនិយោគធំៗ របស់កម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោកប្រធានាធិបតីកូរ៉េ បានសាទរចំពោះកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច និងការកើនឡើងនូវការផ្លាស់ប្ដូរពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរ ហើយនិងមានសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលនឹងចូលជាធរមាននៅដើមខែ ក្រោយនេះ ក្រោយការផ្ដល់សច្ចាប័នដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ នឹងធ្វើឱ្យកើនឡើងយ៉ាង ខ្លាំងនូវទំហំពាណិជ្ជកម្មទ្វេភាគី។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើសុំ លោក Yoon ឱ្យលើកទឹកចិត្តជំរុញការ វិនិយោគរបស់កូរ៉េកាន់តែច្រើនថែមទៀតនៅកម្ពុជា។

លោកប្រធានាធិបតី Yoon បានគូស បញ្ជាក់អំពីការគាំទ្ររបស់រដ្ឋាភិបាល របស់លោក ចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយភាគីកម្ពុជា ជាពិសេសលើការអភិវឌ្ឍសេដ្ឋកិច្ច។

ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោបានថ្លែងអំណរគុណចំពោះភាគីកូរ៉េ ដែលបានទទួលយកពលករកម្ពុជា ហើយដែលពលករទាំងនោះបាននាំមកកម្ពុជាវិញ មិនត្រូវតែប្រាក់ចំណូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង បច្ចេកវិទ្យាពីកូរ៉េផងដែរ។

ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ ទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-សាធារណរដ្ឋកូរ៉េ និងកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ ក៏ដូចជាស្ថានភាពនៅ ឧបទ្វីបកូរ៉េ ផងដែរ៕

To Top