ភ្នំពេញ៖ ក្រោយពីកិច្ចប្រជុំពហុភាគី មេបញ្ជាការកងទ័ពជើងគោកអាស៊ាន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួម ក្នុងពិធីបិទការប្រកួតបាញ់កាំភ្លើង ដៃកងទ័ពជើងគោក អាស៊ានលើកទី៣០ ដែលប្រព្រឹត្តទៅនារសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានការចូលរួម ប្រកួតរបស់ក្រុមបាញ់កាំភ្លើងដៃ កងទ័ពជើងគោក កម្ពុជាចំនួន ៥៥ រូប។

នៅក្នុងពិធីនេះ មេបញ្ជាការកងទ័ពជើងគោក និងតំណាងមេបញ្ជាការកងទ័ពជើងគោក នៃបណ្តាប្រទេសអាស៊ានទាំង ១០ ប្រទេស បានអញ្ជើញចូលរួមប្រកួត បាញ់កាំភ្លើងមិត្តភាព និងដាំដើមឈើមិត្តភាព ព្រមទាំងបានទស្សនា ការសម្តែងសិល្បទស្សនីយភាពផ្សេងៗ ដែលរៀបចំដោយកងទ័ពប្រជាជនវៀតណាមជាម្ចាស់ផ្ទះ។

ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ បានបញ្ចប់ទៅប្រកបដោយមនោសញ្ចេតនា និង ស្មារតីភាតរភាពស្និទ្ធស្នាល បន្ទាប់ពីត្រូវបានខកខាករៀបចំអស់រយៈពេល ២ឆ្នាំជាប់គ្នាមក គឺឆ្នាំ២០២០ និង២០២១ កន្លងទៅនេះ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ។

សម្រាប់ឆ្នាំ២០២៣ ខាងមុខ កងទ័ពជើងគោក នៃកងភូមិន្ទថៃ នឹងទទួលបន្តធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំព្រឹត្តិការណ៍ជំនួប បាញ់កាំភ្លើងដៃកងទ័ពជើងគោកអាស៊ាន (AARM) នេះ រួមទាំងកិច្ចប្រជុំពហុភាគី មេបញ្ជាការកងទ័ពជើងគោក អាស៊ាន (AACAM) និងកិច្ចប្រជុំប្រចាំឆ្នាំនាយទាហានរងអាស៊ាន (ASMAM) ។











