ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានលើកឡើងថា ជាការពិតប្រវត្តិសាស្ត្រ បានបង្ហាញឱ្យឃើញថា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ អាស៊ានបូកបី តែងតែប្រកាន់ខ្ជាប់ស្មារតីរួបរួមគ្នាជានិច្ច ។
ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំកំពូល អាស៊ានបូកបី (APT) នៅថ្ងៃទី១១ ខែវិច្ឆិកា សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប្រទេសអាស៊ានបូកបី (APT) ដែលមានសមាជិកអាស៊ានទាំង១០ បូកប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង គឺជាដៃគូដ៏សំខាន់មិនអាចខ្វះបាន របស់អាស៊ានគ្រប់ទិដ្ឋភាពទាំងអស់ ទាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សន្តិភាព និងនយោបាយ។

សម្ដេចតេជោ បន្តថា ការជួបជុំនៅថ្ងៃនេះ បានបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តឥតងាករេ នៃថ្នាក់ដឹកនាំប្រទេសអាស៊ានបូកបី និងការពង្រឹង ក៏ដូចជាកាន់តែស៊ីជម្រៅ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសក្នុងការរួមគ្នាដោះស្រាយ បញ្ហាប្រឈមដ៏លំបាកនានា ក្នុងក្របខណ្ឌតំបន់ និងសកល។
សម្តេចតេជោបញ្ជាក់ថា «ជាការពិតប្រវត្តិសាស្ត្រ បានបង្ហាញឱ្យឃើញថា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ អាស៊ានបូកបី តែងតែប្រកាន់ខ្ជាប់ស្មារតីរួបរួមគ្នាជានិច្ច។ មកដល់ថ្ងៃនេះ ភាគជោគជ័យ សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ របស់អាស៊ានបូកបី បានមកពីការខិតខំប្រឹងប្រែងឥតឈប់ឈរ ពីការប្រតិបត្តិការជិតស្និទ្ធ និងសាមគ្គីភាពដ៏រឹងមាំរបស់យើង» ។

សូមបញ្ជាក់ថា ដំណើរការកិច្ចសហប្រតិបត្តិការ អាស៊ានបូកបី (APT) បានចាប់ផ្តើមនៅក្នុងខែធ្នូ ឆ្នាំ១៩៩៧ ហើយចាប់តាំងពីពេលនោះមក បានវិវឌ្ឍជាយន្តការដ៏សំខាន់ ក្នុងការលើកកម្ពស់ កិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា ឆ្ពោះទៅរកគោលដៅរយៈពេលវែង នៃការកសាងសហគមន៍អាស៉ីបូព៌ា ដោយមានអាស៊ានជាកម្លាំងចលករ។
អាស៊ានបូកបី បានក្លាយជាក្របខណ្ឌកិច្ចសហប្រតិបត្តិការ ដ៏ទូលំទូលាយបំផុតមួយនៅក្នុងតំបន់ ហើយកិច្ចសហប្រតិបត្តិការ អាស៊ានបូកបីត្រូវបានពង្រីក និងស៊ីជម្រៅលើវិស័យជាច្រើន រួមទាំងផ្នែកនយោបាយ-សន្តិសុខ ពាណិជ្ជកម្ម និងការវិនិយោគ ហិរញ្ញវត្ថុ ថាមពល ទេសចរណ៍ កសិកម្ម និងព្រៃឈើ បរិស្ថាន ការអប់រំ សុខភាព វប្បធម៌ និងសិល្បៈ ជាដើម ៕
