ព័ត៌មានជាតិ

សម្ដេចតេជោ៖ ៣ទសវត្សរ៍កន្លងមក ទោះជួបបញ្ហាប្រឈមនានា អាស៊ាន-ឥណ្ឌា មានការរីកចម្រើនឥតឈប់ឈរ ក្លាយជាប៉ូលសង្គម-សេដ្ឋកិច្ចសំខាន់ លើពិភពលោក

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានលើកឡើងថា ក្នុងរយៈពេល ៣ទសវត្សរ៍កន្លងមក ទោះបីជាជួបនូវបញ្ហាប្រឈមនានា អាស៊ាន និងឥណ្ឌា មានការរីកចម្រើនឥតឈប់ឈរ ដែលបានក្លាយជាប៉ូលសង្គម-សេដ្ឋកិច្ចសំខាន់ នៅលើពិភពលោក ។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំកំពូល អាស៊ាន-ឥណ្ឌាលើកទី១៩ នៅថ្ងៃទី១២ ខែវិច្ឆិកា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងរយៈពេល ៣ទស្សវត្សរ៍កន្លងមក ទោះបីជាជួបនូវបញ្ហាប្រឈមនានា អាស៊ាន និងឥណ្ឌា មានការរីកចម្រើនឥតឈប់ឈរ ដែលបានក្លាយជាប៉ូលសង្គម-សេដ្ឋកិច្ចសំខាន់ នៅលើពិភពលោក។ ជាមួយនឹងលទ្ធផលនៃការអភិវឌ្ឍនេះ កិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌា ក៏កានតែរីកចម្រើនបន្ថែម និងមានមូលដ្ឋានកាន់តែទូលំទូលាយជាលំដាប់» ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ដោយសារការប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការពង្រឹងភាពជាដៃគូ ដើម្បីឱ្យអាស៊ាន-ឥណ្ឌា មានទំនាក់ទំនងកាន់តែស្អិតរមួត និងមានលទ្ធភាពកាន់តែខ្ពស់ក្នុងការធានា និងនាំមកនូវសន្តិភាព និងវិបុលភាព ជូនប្រជាជនរបស់យើងបច្ចុប្បន្ន និងអនាគត។

សូមជម្រាបថា ទំនាក់ទំនងសន្ទនាអាស៊ាន-ឥណ្ឌា បានរីកចម្រើនយ៉ាងឆាប់រហ័សពី ភាពជាដៃគូសន្ទនាតាមវិស័យ ក្នុងឆ្នាំ១៩៩២ ទៅជាភាពជាដៃគូសន្ទនាពេញលេញ ក្នុងខែធ្នូ ឆ្នាំ១៩៩៥។ ទំនាក់ទំនងនេះត្រូវបានលើកកម្ពស់បន្ថែមទៀត ជាមួយនឹងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា ក្នុងឆ្នាំ២០០២ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ចាប់តាំងពីពេលនោះមក កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ៕

To Top