ភ្នំពេញ៖ លោក Anthony Albanese នាយករដ្ឋមន្ត្រីនៃប្រទេសអូស្ត្រាលី បានថ្លែងថា អូស្ត្រាលី នឹងបន្តគាំទ្រកម្ពុជាលើគ្រប់វិស័យ រួមទាំងការអភិវឌ្ឍន៍សេដ្ឋកិច្ចដោយចីរភាព ដើម្បីចូលរួមចំណែកធ្វើឲ្យកម្ពុជា ទទួលបានស្ថិរភាព និងវិបុលភាព។
ក្នុងជំនួបសម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី១២ ខែវិច្ឆិកាលោកនាយករដ្ឋមន្ត្រីអូស្ត្រាលី បានគោរពវាយតម្លៃខ្ពស់ ចំពោះការដឹកនាំរបស់សម្ដេចតេជោ និងអបអរសាទរកម្ពុជា ទទួលបាននូវការអភិវឌ្ឍន៍ រីកចម្រើនយ៉ាងឆាប់រហ័ស និងការដឹកនាំរបស់សម្ដេចតេជោ ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា ព្រមទាំងបានសំដែងនូវក្តីរីករាយ ចំពោះកិច្ចសហប្រតិបត្តិការ រវាងប្រទេសយើងទាំងពីរ និងការវិនិយោគរវាងប្រទេសអូស្ត្រាលី និងកម្ពុជាដែលកំពុងទទួលបាន លទ្ធផលជាផ្លែផ្កាជាបន្តបន្ទាប់។

លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី បានគោរពជម្រាបជូនសម្ដេចតេជោថា «អូស្ត្រាលី នឹងបន្តគាំទ្រកម្ពុជាលើគ្រប់វិស័យ រួមទាំងការអភិវឌ្ឍន៍សេដ្ឋកិច្ចដោយចីរភាព សេដ្ឋកិច្ចឌីជីថលថាមពលវ័យឆ្លាត សេដ្ឋកិច្ចបៃតងនិងវិស័យដ៏ទៃទៀត ដើម្បីចូលរួមចំណែកធ្វើឲ្យប្រទេសកម្ពុជា រួមទាំងប្រទេសនៅក្នុងតំបន់ទទួលបានស្ថិរភាព និងវិបុលភាព» ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការពេញចិត្ត ជាមួយទំនាក់ទំនងរវាងកម្ពុជា និងអូស្ត្រាលី ហើយក៏បានថ្លែងអំណរគុណ នាយករដ្ឋមន្ត្រីអូស្ត្រាលី និងរដ្ឋាភិបាលអូស្ត្រាលីដែលក្នុងនោះដូចជា កាលពីឆ្នាំ១៩៨៣ បានបញ្ចប់ការទទួលស្គាល់ខ្មែរក្រហម នៅអង្គការសហប្រជាជាតិ ជួយកម្ពុជាលើវិស័យកសិកម្ម ការស្វែងរកសុខសន្តិភាពសម្រាប់កម្ពុជា ជួយកម្ពុជាលើការអភិវឌ្ឍន៍ធនធានមនុស្ស និងអភិវឌ្ឍន៍កម្ពុជាតាមរយៈ ការផ្ដល់ជំនួយផង និងការជំរុញវិនិយោគមកកម្ពុជាផង ៕
