ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល G20 និងកិច្ចសន្ទនាក្រៅផ្លូវការ របស់មេដឹកនាំ APEC

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អមដំណើរដោយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ព្រមទាំងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលផ្សេងទៀត នឹងអញ្ជើញចូលរួម កិច្ចប្រជុំកំពូល G20 និងកិច្ចសន្ទនាក្រៅផ្លូវការរបស់មេដឹកនាំ APEC ពីថ្ងៃទី១៥-១៨ ខែវិច្ឆិកា ឆ្នាំ២០២២។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី១២ វិច្ឆិកា បានឲ្យដឹងថា កិច្ចប្រជុំកំពូល G20 តបតាមការអញ្ជើញរបស់លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធាននៃកិច្ចប្រជុំកំពូល G20 ក្នុងឆ្នាំ២០២២ សម្តេចតេ ហ៊ុន សែន នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល G20 ដែលនឹងប្រព្រឹត្តិទៅពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។

ក្រោមមូលបទនៃភាពជា ប្រធាន G20 របស់ឥណ្ឌូណេស៊ី «ស្តារឡើងវិញ ទាំងអស់គ្នាស្តារឡើងវិញ កាន់តែរឹងមាំ» សម្តេចតេជោ នឹងថ្លែងបទអន្តរាគមន៍ក្នុងសម័យប្រជុំទី១ ស្តីពីសន្តិសុខស្បៀង និងថាមពល និងសម័យប្រជុំទី២ ស្តីពីបញ្ហាសុខភាព ដែលនឹងសង្កត់ធ្ងន់លើ សារសំខាន់នៃពហុភាគី និយម និងកិច្ចសហការ គ្នាឆ្ពោះទៅរកគោលដៅ នៃការស្តារឡើងវិញប្រកបដោយ ចីរភាពក្រោយជំងឺ រាតត្បាត។

ក្នុងអំឡុងពេលនៃការស្នាក់នៅកោះបាលី សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមកម្មវិធី អាហារពេលល្ងាចក្រៅផ្លូវការ ដែលរៀបចំដោយប្រធានាធិបតីបារាំង ហើយក៏ រំពឹងថា នឹងមានជំនួបពិភាក្សា ទ្វេភាគីជាមួយប្រមុខ គណៈប្រតិភូមួយចំនួនផងដែរ។

ការចូលរួមរបស់កម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលនៅឆ្នាំនេះ បង្ហាញពីតួនាទីដ៏សំខាន់ របស់អាស៊ានក្នុងនិម្មាបនកម្ម តំបន់ និងការប្តេជ្ញាចិត្តរបស់ ប្រធានអាស៊ានបច្ចុប្បន្ន ក្នុងការបន្ស៊ី និងបញ្ចូលគ្នារវាង អាទិភាពសំខាន់ៗរបស់អាស៊ាន ជាមួយនឹងអាទិភាពនានា របស់ វេទិកាតំបន់ និងអន្តរជាតិផ្សេងទៀត ឆ្ពោះទៅរកសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

កិច្ចសន្ទនាក្រៅផ្លូវការរបស់មេដឹកនាំ APEC សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាភ្ញៀវរបស់ប្រធានកិច្ចប្រជុំកំពូល នឹងអញ្ជើញចូលរួមក្នុង «កិច្ចសន្ទនាក្រៅផ្លូវការរបស់ថ្នាក់ដឹកនាំ APEC ជាមួយភ្ញៀវ» នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងបាងកក តបតាមការអញ្ជើញរបស់ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២ នឹងថ្លែងសុន្ទរកថា ក្នុងពិធីបើកកិច្ចសន្ទនា ក្រៅផ្លូវការនេះ ដោយផ្តោតលើ ការរីកចម្រើន ប្រកបដោយ ចីរភាព។ សម្តេច តេ ជោ ក៏ នឹង ថ្លែង សុន្ទរកថានៅក្នុងសម័យប្រជុំទី២ ស្តីពី «ការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគ ប្រកបដោយចីរភាព រវាង APEC និងដៃគូពាណិជ្ជកម្ម»។ បទ អន្តរាគមន៍របស់សម្តេចតេជោ នឹងរួមចំណែកដល់កិច្ចពិភាក្សាស្តីពីការរីកចម្រើន ប្រកបដោយចីរភាព និងការបង្កើន កិច្ចសហប្រតិបត្តិការរវាង APEC និងដៃគូខាងក្រៅរបស់ខ្លួន ស្របតាមមូលបទ APEC ឆ្នាំ២០២២ «ការបើកចំហរ ការតភ្ជាប់ និងតុល្យភាព»។

អំឡុងពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូល APEC សម្តេចតេជោនាយករដ្ឋមន្ត្រី រួមជាមួយថ្នាក់ដឹកនាំ APEC ផ្សេងទៀត នឹងអញ្ជើញចូលគាល់ ព្រះបាទ មហា វ៉ាជីរ៉ាឡុងកន ព្រះវ៉ាជីរ៉ាក់ក្លៅចៅយូហួរ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ និងសម្ដេចព្រះមហាក្សត្រី ស៊ុធីតា ផាត់ឆៈរៈស៊ុថាភិម៉ុនឡាក់សៈណៈ នៅក្នុងព្រះបរមរាជវាំង។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបពិភាក្សាការងារទ្វេភាគីជាមួយ ប្រធានាធិបតីបារាំង Emmanuel MACRON នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ផងដែរ ៕

To Top