ព័ត៌មានជាតិ

ឥណ្ឌា កំពុងរំពឹងដល់ព្រះរាជដំណើរទស្សនកិច្ច របស់ព្រះមហាក្សត្រកម្ពុជា និងទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ដើម្បីពង្រឹង ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ

ភ្នំពេញ៖ លោក Jagdeep Dhankha អនុប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា បានបញ្ជាក់ប្រាប់សម្ដេចតេជោ ហ៊ុន សែន ថា ប្រទសឥណ្ឌាកំពុងរំពឹងដល់ ព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ព្រះមហាក្សត្រកម្ពុជា និងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសឥណ្ឌា ដើម្បីរំឭកខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ឥណ្ឌា និងដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ឲ្យកាន់តែរឹងមាំថែមទៀត ។

ក្នុងជំនួបជាមួយអនុប្រធានាធិបតីឥណ្ឌា នាថ្ងៃទី ១២ ខែវិច្ឆិកា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីអំពីការគាំទ្រ របស់កម្ពុជាចំពោះប្រទេសឥណ្ឌា ជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ។ ជាការឆ្លើយតប លោក Jagdeep Dhankha បានសម្តែងនូវអំណរគុណយ៉ាងជ្រាល ជ្រៅរបស់រដ្ឋាភិបាលកម្ពុជា សម្រាប់ការគាំទ្រនេះ។

សម្តេចតេជោ បញ្ជាក់ថា ឥណ្ឌាគឺជាប្រទេសភ្ជាប់ ទំនាក់ទំនងការទូតទីមួយដែលបាន ទទួលស្គាល់កម្ពុជាក្រោយការរំដោះប្រទេស ហើយនិងបានរំលឹកឡើងវិញអំពីដំណើរ ទស្សនកិច្ចជាលើកទី១ របស់សម្តេចទៅកាន់ប្រទេសឥណ្ឌា នៅឆ្នាំ១៩៨១ ដែលជាការបើកទំព័រថ្មី ក្នុងទំនាក់ទំនងកម្ពុជា-ឥណ្ឌា។

អនុប្រធានាធិបតី Jagdeep Dhankha បានវាយតម្លៃខ្ពស់ចំពោះតួនាទី ដ៏សំខាន់របស់សម្តេចតេជោ ក្នុងការលើកកម្ពស់ទំនងទំនងទ្វេភាគី ទៅកាន់កម្រិតខ្ពស់ជាងមុន។

អនុប្រធានាធិបតី Jagdeep Dhankha បានជម្រាបជូនសម្តេចតេជោថា «ប្រទសឥណ្ឌាកំពុងរំពឹងដល់ ព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសឥណ្ឌានៅឆ្នាំក្រោយ និងដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌារបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដើម្បីរំឭកខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ឥណ្ឌា និងដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ឲ្យកាន់តែរឹងមាំថែមទៀត» ។

ភាគីទាំងពីរបានពិភាក្សា អំពីការពង្រឹងទំនាក់ទំនង ខណៈដែល សម្តេចតេជោ បានកត់សម្គាល់ដោយក្តីសោមនស្សរីករាយ ចំពោះការកើនឡើងនូវ ទំហំពាណិជ្ជកម្មទ្វេភាគី និងបានលើក ទឹកចិត្តឱ្យភាគីទាំងពីរស្វែងរកលទ្ធភាព ដើម្បីជំរុញទំហំពាណិជ្ជកម្មបន្ថែមទៀត ។

សម្តេចតេជោ ក៏បានជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យបោសសម្អាតមីនផងដែរ ដើម្បីជួយកម្ពុជាឱ្យសម្រេចបាន នូវគោលដៅរបស់ខ្លួន «កម្ពុជាគ្មានមីន ត្រឹមឆ្នាំ២០២៥»។ សម្ដេចតេជោ បានថ្លែងអំណរគុណរដ្ឋាភិបាលឥណ្ឌា ដែលបានផ្តល់ជំនួយលើ ការអភិវឌ្ឍធនធានមនុស្ស ការអភិរក្សប្រាសាទ បុរាណ និងការអភិវឌ្ឍធនធានទឹក សម្រាប់វិស័យកសិកម្ម ៕

To Top