ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី១២ វិច្ឆិកា លោក JAGDEEP DHANKHAR អនុប្រធានាធិបតី និងជាប្រធានព្រឹទ្ធសភាឥណ្ឌា បានថ្លែងឱ្យដឹងថា ក្នុងបរិបទ នៃគោលនយោបាយធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើតរបស់ប្រទេសឥណ្ឌា អាស៊ាន ដើរតួនាទីយ៉ាងសំខាន់ ជាពិសេសប្រទេសកម្ពុជា។
នាឱកាសនោះដែរ លោក អនុប្រធានាធិបតី បានគូសបញ្ជាក់ថា «ក្នុងបរិបទនៃគោលនយោបាយធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើតរបស់ប្រទេសឥណ្ឌា អាស៊ានបានដើរតួនាទីយ៉ាងសំខាន់ ជាពិសេសប្រទេសកម្ពុជា។ ប្រទេសឥណ្ឌាបានខិតខំប្តេជ្ញាចិត្តធ្វើយ៉ាងណាអនុវត្តន៍ និងផ្សារភ្ជាប់នូវគោលនយោបាយធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើតនេះ ជាពិសេសតាមរយៈគំនិតផ្តួចផ្តើមនានាដើម្បីរួមចំណែកក្នុងកិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌា និងកិច្ចសហប្រតិបត្តិការមេគង្គ-គង្គារ»។
លោក អនុប្រធានាធិបតី ក៏បានសម្តែងនូវការអបអរសាទរចំពោះប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០,៤១ កិច្ចប្រជុំពាក់ព័ន្ធ និងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា ដែលបានបញ្ចប់ទៅដោយជោគជ័យ។ ជាមួយគ្នានេះ លោក បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាជ្រាបថា នាពេលខាងមុខនេះ ឯកឧត្តមអនុប្រធានរដ្ឋសភាឥណ្ឌានឹងដឹកនាំគណៈប្រតិភូមកចូលរួមមហាសន្និបាតអន្តរសភា AIPAលើកទី៤៣ នៅប្រទេសកម្ពុជា។
លើសពីនេះលោក អនុប្រធានាធិបតីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងសភានៃប្រទេសទាំងពីរ និងក្រុមមិត្តភាពទ្វេភាគីនៃសភាប្រទេសទាំងពីរ។
សម្តេច ប្រធានព្រឹទ្ធសភា បានធ្វើការកត់សម្គាល់ដោយសេចក្តីពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការ អាស៊ាន-ឥណ្ឌា និងកិច្ចសហប្រតិបត្តិការមេគង្គ-គង្គារ មានវឌ្ឍនភាពដ៏ល្អប្រសើរ។ ក្នុងនោះឥណ្ឌាជួយទ្រទ្រង់គម្រោងទទួលផលឆាប់រហ័ស (QIP) និងកិច្ចសហប្រតិបត្តិការឥណ្ឌា-CLMV។ ចាប់តាំងពីឆ្នាំ២០១៥-២០២២ កម្ពុជាទទួលបានគម្រោងលើវិស័យកសិកម្ម បរិស្ថាន សុខាភិបាល ការអភិវឌ្ឍជនបទ អប់រំ ការលើកកម្ពស់ស្រ្តី និងវប្បធម៌ ចំនួន ៤៦ គម្រោង ក្នុងនោះ ២១គម្រោងបានបញ្ចប់ និង២៥ គម្រោងទៀតបាននឹងកំពុងអនុវត្ត៕