ភ្នំពេញ ៖ លោក គីស៊ីដា ហ្វូមិអុ នាយករដ្ឋមន្ត្រីជប៉ុន បានបង្ហាញក្ដីសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន នឹងពង្រីកទៅកាន់វិស័យជាច្រើនថែមទៀត ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយប្រជាជននៃប្រទេសពីរនឹងផ្លាស់ប្តូរទំនាក់ទំនងកាន់តែរស់រវើក។
ក្នុងសន្និសីទកាសែតរួមជប៉ុន-កម្ពុជា នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក គីស៊ីដា ហ្វូមិអុ បានឱ្យដឹងថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានសក្ដានុពលយ៉ាងធំធេង។

លោក បន្តថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មាន មិនត្រឹមតែក្នុងក្របខណ្ឌទ្វេភាគីប៉ុណ្ណោះទេ ក្នុងកិច្ចប្រជុំកំពូលនាថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន និងលោកក៏បានពិភាក្សាអំពីបញ្ហានានាក្នុងតំបន់ និងសហគមន៍អន្តរជាតិផងដែរ។ លោកថា ប្រទេសទាំងពីរមានគោលជំហររួមគ្នា គឺមិនទទួលស្គាល់នូវ ការផ្លាស់ប្តូរស្ថានភាពដោយកម្លាំងឯកតោភាគី ហើយក៏ផ្សព្វផ្សាយគោលជំហរនេះជាមួយគ្នា។
លោក បន្ថែមថាជាពិសេស ចំពោះការគំរាមកំហែងដែលប្រើអាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែនរបស់រុស្ស៉ី យើងគួរបន្ត អះអាងពីការប្ដេជ្ញាយ៉ាងមុតមាំថា មិនអាចទទួលយកបានទាំងការប្រើអាវុធនុយក្លេអ៊ែរ និងការ គំរាមកំហែង។ លើសពីនេះ ក្នុងវិស័យបោសសម្អាតមីនដែលប្រទេសជប៉ុនបានសហការយូរឆ្នាំ មកហើយនោះ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាគ្រោងនឹងចូលរួមចំណែកក្នុងកម្មវិធី ហ្វឹកហ្វឺនការប្រើប្រាស់ម៉ាស៊ីនរាវមីនសម្រាប់ប្រទេសអ៊ុយក្រែនជាមួយអង្គការJICA។ នេះគឺជា សារដ៏មានអត្ថន័យយ៉ាងខ្លាំងចំពោះសហគមន៍អន្តរជាតិ។

នាយករដ្ឋមន្ត្រីជប៉ុន បានបញ្ជាក់ថា “ប្រទេសយើងទាំងពីរ នឹងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០នៃការបង្កើតទំនាក់ទំនង ការទូតរវាងជប៉ុន និងកម្ពុជានៅឆ្នាំក្រោយ។សង្ឃឹមថា កិច្ចសហប្រតិបត្តិការរបស់យើងនឹង ពង្រីកទៅកាន់វិស័យជាច្រើនថែមទៀតក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយប្រជា ជននៃប្រទេសយើងទាំងពីរនឹងផ្លាស់ប្តូរទំនាក់ទំនងកាន់តែរស់រវើកថែមទៀត”៕
