ភ្នំពេញ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ានឆ្នាំ២០២២ បានប្រាប់ប្រធានក្រុម ប្រឹក្សាសហភាពអឺរ៉ុបថា ក្រោមកិច្ចសហការ ជាមួយរដ្ឋាភិបាលជប៉ុន កម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការបញ្ជូនអ្នកដោះមីន ទៅជួយបណ្តុះបណ្តាលអ្នកដោះមីនរបស់អ៊ុយក្រែន នៅប្រទេស ប៉ូឡូញ ហើយបានបញ្ជូនសំណើរបស់អ៊ុយក្រែន ទៅរដ្ឋាភិបាលជប៉ុន ដើម្បីជួយផ្តល់ ឧបករណ៍ដោះមីន សម្រាប់ប្រតិបត្តិការដោះមីននៅអ៊ុយក្រែន។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង ឯកឧត្តម Charles Michel ប្រធានក្រុមប្រឹក្សា សហភាពអឺរ៉ុប បានពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-សហភាពអឺរ៉ុប ក្នុងកិច្ចប្រជុំទ្វេភាគី នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសនៃកិច្ចប្រជុំកំពូល អាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានរម្លឹកពីជំនួបទ្វេភាគីនៅទីក្រុងតូក្យូ កាលពី ខែកញ្ញាកន្លងទៅ និងបានគូសបញ្ជាក់ថា វត្តមានរបស់ឯកឧត្តមប្រធានក្រុមប្រឹក្សា សហភាពអឺរ៉ុប ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងភ្នំពេញ ឆ្លុះបញ្ចាំងពីភាពរឹងមាំ នៃទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប ខណៈដែលអង្គការទាំងពីរ កំពុងប្រារព្ធខួបលើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន- សហភាពអឺរ៉ុប។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណសហភាពអឺរ៉ុប ចំពោះការបន្តកិច្ចសហប្រតិបត្តិការ និងការផ្តល់ជំនួយដល់កម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២ ដែលបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ហេដ្ឋារចនាសម្ព័ន្ធ អប់រំ និងសុខាភិបាល ជាពិសេសការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តាមរយៈយន្តការ COVAX។
សម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តមប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប ក៏បានពិភាក្សា អំពីកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប និងទន្ទឹងដល់កិច្ចប្រជុំកំពូល រំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ដើម្បីប្រារព្ធខួបលើកទី៤៥ នៃទំនាក់ទំនងដៃ គូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ដែលនឹងប្រព្រឹត្ត ទៅនៅខែធ្នូ ឆ្នាំ២០២២ នៅទីក្រុង ព្រុចសែល ដែលនឹងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ ដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានក្រុមប្រឹក្សាអឺរ៉ុប។
ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលក្នុងនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់អំពីជំហររបស់កម្ពុជាប្រឆាំងនឹង ការគំរាមកំហែងការ ប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងបានគូសបញ្ជាក់អំពីសកម្មភាព មនុស្សធម៌របស់កម្ពុជា តាមរយៈការចែករំលែកបទពិសោធន៍នៃការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO) ក្រោមកម្មវិធីរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេស មួយចំនួនជុំវិញពិភពលោក។ ឯកឧត្តមប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់កម្ពុជាក្នុងការជំរុញការអនុវត្ត 5PCs ស្តីពីបញ្ហាមីយ៉ាន់ម៉ា និងគំនិតផ្តួចផ្តើមរបស់កម្ពុជា និងជប៉ុន ដើម្បីជួយដោះមីននៅអ៊ុយក្រែន៕