ព័ត៌មានជាតិ

មហាអំណាចអាមេរិក​ វាយ​តម្លៃ​ខ្ពស់​ ចំពោះជំហរកម្ពុជា លើបញ្ហាអ៊ុយក្រែន មីយ៉ាន់ម៉ា និងកូរ៉េខាងជើង

ភ្នំពេញ៖ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានសម្ដែងការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះចំពោះតួនាទី ប្រកបដោយស្ថាបនារបស់​កម្ពុជា​ក្នុងឋានៈជាប្រធានអាស៊ាន ក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា និងបានវាយតម្លៃខ្ពស់ចំពោះ ជំហរកម្ពុជាលើបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងការបាញ់មីស៊ីលបាលីស្ទិកថ្មីៗនេះរបស់កូរ៉េខាងជើង។

ការសម្ដែងការកោតសរសើរនេះ ធ្វើឡើងក្នុងឱកាសដែលលោក ចូ បៃដិន មានវត្តមាននៅក្នុងប្រទេសកម្ពុជា អញ្ជើញចូលួមកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក លើកទីទី១០ នៅរាជធានីភ្នំពេញ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស បានឱ្យដឹងថា នៅក្នុងជំនួបរវាងមេដឹកនាំទាំងពីរ (កម្ពុជា-អាមេរិក) លោក ប្រធានាធិបតី ចូ បៃដិ បានអបអរសាទរកម្ពុជា ចំពោះភាពជោគជ័យដ៏ត្រចះត្រចង់ក្នុង ការធ្វើជាម្ចាស់ផ្ទះ និងជាប្រធានអាស៊ាននៅឆ្នាំនេះ និងចំពោះការគាំទ្ររបស់កម្ពុជា ក្នុងការពង្រីក កម្រិតទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ក្នុងអំឡុងពេលនៃការធ្វើជាប្រធានអាស៊ានរបស់ខ្លួន។

ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាអំពីការបន្តសកម្មភាព នៃកិច្ចសហប្រតិបត្តិការ រួមមាន កិច្ចសហប្រតិបត្តិការ លើការអនុវត្តច្បាប់ដើម្បីប្រយុទ្ធប្រឆាំងនឹង ឧក្រិដ្ឋកម្មឆ្លងដែន វិស័យវប្បធម៌ ការដោះមីន ការថែរក្សាសន្តិភាព និងបរិស្ថានជាដើម។

សម្តេចនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងដ៏ល្អ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការប្រគល់ត្រឡប់ មកកម្ពុជាវិញនូវវត្ថុបុរាណកម្ពុជា ដែលត្រូវបានលួច។
ពាក់ព័ន្ធនឹងការដោះមីន សម្ដេចតេជោ បាន អំពាវនាវឱ្យមានការរួមចំណែកបន្ថែមទៀត ពីសហរដ្ឋអាមេរិក ដើម្បីជួយកម្ពុជាសម្រេចបាន “កម្ពុជា គ្មានមិនត្រឹមឆ្នាំ២០២៥»។

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានផ្លាស់ប្ដូរទស្សនៈអំពីបញ្ហាតំបន់ និងអន្តរជាតិផងដែរ ដែលក្នុងនោះលោកប្រធានាធិបតី បៃ ដិន បានកោតសរសើរកម្ពុជា «ចំពោះតួនាទី ប្រកបដោយស្ថាបនារបស់ខ្លួន ក្នុងឋានៈជាប្រធានអាស៊ាន ក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា និងបានវាយតម្លៃខ្ពស់ចំពោះ ជំហរកម្ពុជាលើបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងការបាញ់មីស៊ីលបាលីស្ទិកថ្មីៗនេះរបស់កូរ៉េខាងជើង»។

សូមរំលឹកថា ពិភពលោកបច្នុប្បន្ន កំពុងតាមដានយ៉ាងយកចិត្តទុក លើវិបត្តិសេដ្ឋសេដ្ឋកិច្ច ថាមពល និងស្បៀងអាហារ អាកាសធាតុ ដែលផ្ដើមចេញពីសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន វិបត្តិនៅមីយ៉ាន់ម៉ា និងការគំរាមកំហែងនុយក្លេអ៊ែរ ពីសំណាក់កូរ៉េខាងជើង ហើយក្នុងនោះក៏មានរំលេចបញ្ហាតៃវ៉ាន់ផងដែរ៕

To Top