ព័ត៌មានជាតិ

ប្រធានបទ៣ ត្រូវបានយកមកពិភាក្សា ក្នុងជំនួបទ្វេភាគី នាយករដ្ឋមន្ត្រី កម្ពុជា-នូវេសហ្សេឡង់

ភ្នំពេញ៖ នៅក្នុងជំនួបទ្វេភាគី រវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោកស្រី Jacinda Ardern នាយករដ្ឋមន្ត្រី នូវេសហ្សេឡង់ ភាគីទាំងពីរ បានឯកភាពគ្នា ជំរុញបង្កើនសកម្មភាព ពាណិជ្ជកម្ម តាមរយៈការជំរុញពាណិជ្ជកម្មដែលមានស្រាប់។

ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន និងលោកស្រី Jacinda Ardern បានពិភាក្សាគ្នាលើប្រធានបទ ៣៖

ទី១) គឺកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ,
ទី២) គឺបញ្ហាតំបន់
និងទី៣) គឺកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងនូវែលហ្សេឡង់។

សម្រាប់ប្រធានបទទី១ លោកស្រី Jacinda Ardern បានគោរពវាយតម្លៃខ្ពស់ ចំពោះការដឹកនាំប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

ប្រធានបទទី២ លោកស្រី បានគោរពវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់សម្ដេចតេជោ ក្នុងការជួយស្វែងរកដំណោះស្រាយលើបញ្ហាមីយ៉ាន់ម៉ា លើកទឹកចិត្ត និងជំរុញមីយ៉ាន់ម៉ា អោយអនុវត្តនូវកិច្ចព្រមព្រៀងឯកឆ័ន ៥ចំណុច របស់មេដឹកនាំអាស៊ាន ដើម្បីជួយមីយ៉ាន់ម៉ា ស្វែងរកសន្តិភាព ស្ថេរភាព ត្រឡប់ទៅរកភាពប្រក្រតី និងមាគ៌ាប្រជាធិបតេយ្យ និងដើម្បីនាំអាស៊ានត្រឡប់មកដប់ប្រទេសវិញ។

ចំពោះប្រធានបទទី៣ សម្ដេចតេជោ និងលោកស្រីJacinda Ardern «បានឯកភាពគ្នា ជំរុញបង្កើនសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ តាមរយៈការជំរុញពាណិជ្ជកម្មដែលមានស្រាប់ និងរកសក្ដានុពលដែលមានទៀតដូចជា វិស័យអប់រំ វិស័យសេដ្ឋកិច្ច វិនិយោគ វិស័យតភ្ជាប់ ក៏ដូចជាវិស័យកសិកម្ម ដែលអ្នកវិនិយោគ នូវែលហ្សេឡង់ អាចមកបណ្ដាក់ទុនវិនិយោគ ១០០% សម្រាប់បង្កើតរោងម៉ាស៊ីនកិនស្រូវ ឡសំងួត ឃ្លាំង និងប្រមូលទិញស្រូវពីកសិករកម្ពុជា កិនហើយនាំចេញទៅប្រទេសនូវេលហ្សេឡង់ផង ឬនាំចេញទៅប្រទេសដទៃទៀតផង»៕

To Top