ព័ត៌មានជាតិ

ឈ្មួញដឹកទំនិញគេចពន្ធ លួចឆ្លងដែនទៅប្រទេសវៀតណាម តាមច្រករបៀងគោកតែក ស្រុកចន្រ្ទា

ស្វាយរៀង ៖ មានក្រុមឈ្មួញដឹកទំនិញគ្រឿងអេឡេចត្រូនិច គេចពន្ធលួចឆ្លងដែនទៅប្រទេសវៀតណាមតាមប្រឡាយទឹកនៃច្រករបៀងគោកតែក យ៉ាងរលូនដោយពុំមានរំខានដល់សមត្ថកិច្ចជំនាញឡើយ។


ករណីនេះបានកើតឡើងនៅថ្ងៃទី១៣ខែវិច្ឆិកា២០២២នៅចំណុចប្រឡាយទឹកជិតប៉ុស្ត៍នគបាលវរៈការពារព្រំដែនច្រករបៀងគោកតែក ស្ថិតនៅភូមិគោកតែកឃុំចន្រ្ទាស្រុកចន្រ្ទា។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា មានរថយន្ត១គ្រឿងម៉ាកFUSO ពាក់ស្លាកលេខភ្នំពេញ-3A-3253 ដឹកទំនិញគ្រឿងអេឡេចត្រូនិច ពេញទ្រុងសង្ស័យជាទំនិញគេចពន្ធ បានបើកបរមកផ្ទេរទំនិញ នៅចំណុចប្រឡាយទឹក ជិតច្រករបៀងគោកតែក ដោយផ្ទេរដាក់ក្នុងទូកស្មាច់ (ទូកម៉ាស៊ីនតឹកយ៉ាងជនជាតិវៀតណាម)ដឹកឆ្លងដែនចូលទៅប្រទេសវៀតណាមតាមផ្លូវទឹកយ៉ាងរលូនរៀងរាល់ថ្ងៃ ដោយពុំមានឃើញអាជ្ញាធរមានសមត្ថកិច្ចអើពើឡើយ ។

ប្រជាពលរដ្ឋបានរិះគន់ចំៗទៅលើអាជ្ញាធរនិងសមត្ថកិច្ចថាគ្មានការទប់ស្កាត់ការដឹកទំនិញតាមរថយន្តធុនធំ ធ្ងន់ៗ នេះបង្កឲ្យខូចផ្លូវលំនៅជនបទ ពិបាកក្នុងការធ្វើដំណើរ។ជាមួយគ្នានេះប្រជាពលរដ្ឋបានសំណូមពរដល់សមត្ថកិច្ចជំនាញ អាជ្ញាធរខេត្តមេត្តា ចុះពិនិត្យនិងបង្ក្រាបក្រុមរថយន្តដឹកទំនិញគេចពន្ធទាំងនេះផង បើមិនដូច្នោះទេនាំឲ្យបាត់ចំណូលថវិកាជាតិជាក់ជាមិនខានឡើយ។

ទាក់ទិនករណីនេះដែរមិនអាចរកការបំភ្លឺពីលោកអភិបាលស្រុកចន្ទ្រាបានទេរហូតមកដល់ល្ងាចថ្ងៃទី១៣វិច្ឆិកា២០២២នេះ៕

To Top