ភ្នំពេញ៖ ប្រមុខដឹកនាំកម្ពុជា បានអះអាងបញ្ជាក់ជំហរ យ៉ាងច្បាស់ថា កម្ពុជាមិនមានការប្រកាន់យក មហាអំណាចចិនឬអាមេរិក នោះដូចអ្វីដែលអ្នកមួយចំនួន លើកឡើងនោះទេ ។ ផ្ទុយទៅវិញកម្ពុជា មានជំហរច្បាស់លាស់ សម្រាប់ខ្លួនរួចហើយ មកដល់បច្ចុប្បន្ន។
ការលើកឡើង របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះ ដោយសារកត្តាភូមិសាស្ត្រនយោបាយ ជាហេតុធ្វើឱ្យមជ្ឈដ្ឋានខ្លះយល់ថា កម្ពុជាលម្អៀងទៅរកចិន ជាជាងអាម៉េរិក។ តែតាមពិតជំហររបស់កម្ពុជា ឬអាស៊ាន មិនងាករេទៅខាងណា ឬបែរទៅខាងណាឡើយ។
ថ្លែងក្នុងសន្និសីទស្ដីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបានគូសបញ្ជាក់យ៉ាងដូច្នេះថា «សម្រាប់អាស៊ាន ឬសម្រាប់កម្ពុជា មិនតម្រូវឱ្យមានការជ្រើសរើស សម្រាប់អ្នកណាទាំងអស់ យើងអត់មានតម្រូវឱ្យជ្រើសរើសចិន ចោលអាម៉េរិក ជ្រើសរើសអាម៉េរិកចោលចិន ហើយទាំងចិនទាំងអាmមេរិក ក៏បានប្រាប់មកវិញថា មិនតម្រូវការឱ្យមាន ការជ្រើសរើសរវាងអាម៉េរិក និងចិននោះទេ»។
សម្តេចតេជោគូសបញ្ជាក់បន្ថែមថា «យើងបានបញ្ជាក់ពីគោលជំហរ របស់យើងរួចហើយ។ អ្វីដែលបានកំពុងកើតឡើង នៅទីក្រុងភ្នំពេញប៉ុន្មានថ្ងៃនេះ វាបានបង្ហាញច្បាស់ តើចិននិងអាមេរិក មកកម្ពុជា មកប្រទេសអាស៊ាន ឬប្រទេសអាស៊ានទៅអាមេរិកឬទៅចិន »។
ជាមួយគ្នានោះដែរសម្ដេចតេជោ បានរម្លឹកថា កាលពីខែឧសភា មេដឹកនាំអាស៊ានបាន អញ្ជើញទៅអាមេរិក ដើម្បីប្រជុំពិសេស មានពេលខ្លះទៅចិន មានពេលខ្លះទៅជប៉ុន មានពេលខ្លះទៅឥណ្ឌា អូស្ត្រាលី គឺជារឿងធម្មតាខ្លាំងណាស់។
សម្ដេចតេជោបានគូសរំលេចថា អាស៊ានមានមជ្ឈភាព មានឯករាជ្យរបស់ខ្លួន ដោយមិនលម្អៀងទៅខាងណាទេ ដូចដែលអ្វីដែលបានបញ្ជាក់ថា អាស៊ានមិនមែនជាកូនជឹង របស់អ្នកណាទេ ហើយអ្វីដែលបានបញ្ជាក់នៅក្នុងទីក្រុងភ្នំពេញនេះ គឺច្បាស់ណាស់ដៃគូខាងក្រៅ របស់អាស៊ានទោះបីមាន ទោះបីក្រ ទោះបីតូច ទោះបីធំ ត្រូវមកកាន់ទឹកដីរបស់អាស៊ាន។
សម្ដេចតេជោបានឱ្យដឹងទៀតថា ប្រទេសកម្ពុជាក្រមែន តូចមែន ក៏ប៉ុន្តែមាន សមត្ថភាពអញ្ជើញប្រធានាធិបតី នៃប្រទេសអ្នកមានឱ្យឡើងថ្លែងសុន្ទរកថា ទៅតាមការរៀបចំរបស់យើង។
សម្ដេចតេជោនាយករដ្ឋមន្រ្ដី បានអះអាងដែរថា «នេះហើយគឺជា ឯករាជ្យភាពរបស់អាស៊ានដែលមិនមែនស្ថិតលម្អៀងទៅរកចិន ឬលម្អៀងទៅរកអា ម៉េរិកនោះទេ»។
ការបញ្ជាក់ របស់ប្រមុខរាជរដ្ឋាភិបាលនេះ ខណៈមានអ្នកវិភាគមួយចំនួន បានលើកឡើងថានយោបាយកម្ពុជា មានទំនោរទៅរកចិន ជាងសហរដ្ឋអាមេរិក៕