ព័ត៌មានជាតិ

ការកែលម្អផ្លូវលំនិងប្រព័ន្ធលូ ក្នុងភូមិព្រៃស្នួល ត្រូវបានជួសជុលរួចរាល់ ក្រោមគម្រោងថវិកាបុណ្យអុំទូក និងការចូលរួមពីអ្នកភូមិ

ភ្នំពេញ៖ ការកែលម្អផ្លូវលំនិងប្រព័ន្ធលូ ក្នុងភូមិព្រៃស្នួល ត្រូវបានជួសជុលរួចរាល់ ក្រោមគម្រោងថវិកា ដែលបន្សល់ពិធីបុណ្យអុំទូក បណ្ដែតប្រទីត អកអំបុកសំពះព្រះខែ កាលពីថ្ងៃទី៧-៩ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅថ្មីនេះ ព្រមទាំងមានការចូលរួមឧមត្ថម្ភបន្ថែម ពីសំណាក់អ្នកភូមិផ្ទាល់ ផងដែរ។

បើតាមលោក សយ សុភាព បានឱ្យដឹងថា ការជួសជុលនិងដាក់លូថ្មី ៣កន្លែងនេះ ត្រូវចំណាយថវិកាអស់៦លាន ៥សែនរៀល ដែលថវិកាទាំងអស់នេះ បានមកពីពិធីបុណ្យអុំទូក សហគមន៏ និងអ្នកភូមិមួយចំនួនផងដែរ ។

ក្នុងឱកាសអញ្ជើញ ទទួលសមិទ្ធផលថ្មី ក្នុងភូមិព្រៃស្នួល នៅព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកកឹម ពន្លក មេឃុំរវៀង បានថ្លែងអំណរគុណដល់ មេភូមិ អនុភូមិ សមាជិក ប្រធានសហគមន៏ និងសប្បុរសជន ដែលបានប្រឹងប្រែង ជួសជុលផ្លូវចូលភូមិ។

លោកបានមានប្រសាសន៏ថា លោកនឹងស្នើសុំ លោក ម៉ៅ ហាវណ្ណាល់ ប្រធានក្រុមការងារថ្នាក់ជាតិ ជួយស្រុកសំរោង ជូនប័ណ្ណសរសេរអ្នកភូមិព្រៃស្នួល ដែលបានចូលរួមអភិវឌ្ឍន៏ ក្នុងភូមិផ្ទាល់។ ភូមិព្រៃស្នួលឥឡូវខុស ពីមុនឆ្ងាយណាស់។ជាពិសេសបំផុត ភូមិនេះទទួលបានការអភិវឌ្ឍន៍ផ្ទាល់ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈការស្ថាបនាផ្លូវលំ បំពាក់អំពូលសូឡា តំឡើងថាមពលអគ្គសនីតង់ស្យុងខ្ពស់ ជាពិសេសរៀបចំឱ្យមានកម្មពិធីសប្បាយជាច្រើន ជាក់ស្ដែងបុណ្យអុំទូក កាលពីដើមខែកន្លងទៅនេះ។

ពីតំបន់មិនសូវសុវត្ថិភាព ស្ងាត់ បានក្លាយជាតំបន់ទេសចរណ៏។ អុំទូករយៈពេល៣ថ្ងៃ កន្លងទៅតំបន់ទេសចរណ៍ព្រៃស្នួល ទទួល បានអ្នកមកលេងកំសាន្ត ជិត៥០០០នាក់ កើនលើសឆ្នាំមុន ជិត១០០ភាគរយ។

ឆ្លៀងក្នុងឱកាសនោះ ជំនួសមុនឱ្យអ្នកភូមិព្រៃស្នួល សូមគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក អ៊ូច ភា អភិបាលខេត្តតាកែវ លោក កេត ម៉ៅ អភិបាលស្រុក ព្រមទាំងថ្នាក់ដឹកនាំឃុំរវៀង ដែលបានផ្តល់ ភាពកក់ក្ដៅ ស្រលាញ់ ទុកចិត្ត លើអ្នកភូមិ៕

To Top