ភ្នំពេញ៖ ភាពជោគជ័យក្នុងការចូលរួម រៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលបានធ្វើឡើង នៅរាជធានីភ្នំពេញដែលទើបបានបញ្ចប់ទៅ កាលពីពេលថ្មីៗនេះ បានធ្វើឲ្យរដ្ឋបាលរាជធានីភ្នំពេញ ទទួលបានការកោតសរសើរ លើការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ។ នេះជាប្រសាសន៍លោក ឃួង ស្រេង លើកឡើងក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៤២ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នាព្រឹកថ្ងៃទី១៥វិច្ឆិកា ។

ក្នុងកិច្ចប្រជុំដដែលនេះ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានលើកឡើងថា ព្រឹត្តិការណ៏ជាតិ និងអន្តរជាតិ នៅរាជធានីភ្នំពេញ ក្នុងអំឡុងខែតុលា និងខែវិច្ឆិកា ឆ្នាំ២០២២នេះ បានធ្វើឲ្យពិភពលោក សម្លឹងមើលមកកម្ពុជា ជាប្រទេសតូច តែមានសមត្ថភាពខ្ពស់ ក្នុងដំណើរការរៀបចំកិច្ចប្រជុំធំៗជាច្រើន ក្នុងនាមប្រធានអាស៊ាន និងធ្វើជាម្ចាស់ផ្ទះ ធានាសន្តិសុខ សុវត្ថិភាព ការពារមេដឹកនាំកំពូលៗ លំដាប់ពិភពលោក បានយ៉ាងល្អប្រសើរ រួមទាំងការរៀបចំ កែលំអរសោភណ្ឌភាព ហេដ្ឋារចនាសម្ព័ន្ធ ក្នុងរាជធានីភ្នំពេញឲ្យស្រស់បំព្រង ដើម្បីទទួលស្វាគមន៍ប្រតិភូ សំរាប់កិច្ចប្រជុំកំពូលអាស៊ានផងដែរ។

នាឱកាសនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា “យើងបានទទួលប្រតិភូ ប្រទេសមហាអំណាច និងបានផ្តល់កិច្ចការពារសុវត្ថិភាពជូនប្រតិភូ ដោយយើងទទួលបាន ការកោតសរសើរ ពីថ្នាក់ដឹកនាំ នៃបណ្តាប្រទេសអាស៊ាន និងប្រទេសជាដៃគូសន្ទនា ពីការរក្សាការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ និងអនាម័យបរិស្ថាន បានល្អប្រសើរ”។

ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានថ្លែងអំណរគុណ ចំពោះការខិតខំប្រឹងប្រែង របស់កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ, មន្ត្រីរាជការ, អង្គភាព មន្ទីរ ស្ថាប័ន អាជ្ញាធរដែនដី ពិសេសគឺមានការចូលរួម ពីបងប្អូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ដែលបានរួមចំណែក ធ្វើឲ្យកិច្ចប្រជុំកំពូលអាស៊ានឆ្នាំនេះ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានប្តូរវេន ប្រព្រឹត្តទៅយ៉ាងរលូន និងជោគជ័យយ៉ាងត្រចេះត្រចង់ ជូនជាតិមាតុភូមិ។

លោកអភិបាលរាជធានីភ្នំពេញ បន្តទៀតថា រាជធានីភ្នំពេញ នៅមានភារកិច្ចសំខាន់ ត្រូវធ្វើបន្តទៀតនាពេលដ៏ខ្លីខាងមុខ គឺធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ អភិបាលក្រុងអាស៊ានបន្តទៀត។ ពាក់ពន្ធ័នឹងការងាររដ្ឋបាលមួយចំនួន លោកបានស្នើសុំ ឲ្យមានការតំរង់ទិស តាមមន្ទីរពាក់ព័ន្ធ ក៏ដូចអាជ្ញាធរដែនដី គឺត្រូវពិនិត្យខ្លឹមសារឲ្យបានច្បាស់លាស់ មុននឹងបញ្ចេញរបាយការណ៍មកក្រៅ៕




Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
