ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អំពាវនាវ​ ឱ្យបន្តចលនា មហាសាមគ្គីជាតិ «ខ្មែរស្រឡាញ់ខ្មែរ» ដើម្បីធានានិរន្តរភាព ទុកឱ្យកូនចៅជំនាន់ក្រោយ

ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និង ជាបេក្ខជន បន្តវេន នាយករដ្ឋមន្រ្តី នាថ្ងៃអនាគត បានធ្វើការអំពាវនាវ ឱ្យបន្តមាន ចលនាមហាសាមគ្គីជាតិ ខ្មែរស្រឡាញ់ខ្មែរ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ដើម្បីធានាបាននូវនិរន្តរភាព នៃសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដូចដែលកំពុងមានសព្វថៃ្ង ឱ្យបានគង់វង្ស ទុកឱ្យកូនចៅជំនាន់ក្រោយៗ តរៀងទៅ។

មានប្រសាសន៍ នៅក្នុងពិធីបើកការរដ្ឋាន បោសសម្អាតមីន និង យុទ្ធភណ្ឌមិនទាន់ផ្ទុះ របស់កងទ័ពជើងគោក ក្នុងគម្រោង សម្តេចតេជោ សម្រាប់ សកម្មភាពមីន ក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា ការជួបជុំគ្នានៅលើទីតាំង ដែលធ្លាប់ជាតំបន់សង្គ្រាម បង្ហូរឈាមគ្នារវាងខ្មែរ និងខ្មែរក្នុងឱកាសនេះ បានរំឭកឱ្យយើង នឹកឃើញនូវអតីតកាលដ៏សែនជូរចត់ ដែលប្រជាជាតិ យើងបានជួបប្រទះ ។ ទោះបីព្រឹត្តិការណ៍ ទាំងនោះ បានក្លាយជារឿងរ៉ាវ ប្រវត្តិសាស្ត្រទៅហើយក្តី ប៉ុន្តែគ្រាប់មីន និង យុទ្ធភណ្ឌមិនទាន់ផ្ទុះ​ រាប់លានគ្រាប់ នៅសេសសល់ រាយប៉ាយពេញផ្ទៃប្រទេស នៅតែជាកេរដំណែល បន្សល់ទុកពីសង្រ្គាម ហើយដែលទាមទារ ឱ្យយើងចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ដើម្បីចូលរួមដោះស្រាយការលំបាក និងបញ្ហាប្រឈម ដោយសារគ្រាប់មីន និង សំណល់យុទ្ធភណ្ឌសង្រ្គាម ជាពិសេស នៅតាមតំបន់ ស្រែចម្ការរបស់ប្រជាជន ដែលមានប្រជាជន រាប់ម៉ឺនគ្រួសារកំពុង ទទួលរងនូវការគំរាមកំហែង ដោយផ្ទាល់ និងដោយប្រយោល ដើម្បីឱ្យពួកគាត់មានក្តីសង្ឃឹម និងបន្តកសាង នូវអនាគតដ៏រុងរឿងតទៅមុខទៀត។

លោកបន្ថែមថា ប្រវត្តិសាស្ត្រនៃសង្រ្គាមជាង ៥០០ ឆ្នាំ បានកន្លងផុតទៅ និងត្រូវបានជំនួស ដោយការអបអរសាទរ ចំពោះមោទនភាព របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមប្រធានអាស៊ានឆ្នាំ២០២២ ដែលទើបបានធ្វើជាម្ចាស់ផ្ទះរៀបចំដោយជោគជ័យ នូវកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដោយបានទទួលស្វាគមន៍ នូវការអញ្ជើញមកដល់ របស់មេដឹកនាំសំខាន់ៗ នៃបណ្តាប្រទេសជាដៃគូក្នុងតំបន់ និងបណ្តាប្រទេសមហាអំណាច លើសាកលលោក ហើយកិច្ចប្រជុំកំពូលទាំងអស់ ក៏បានដំណើរការទៅប្រកបដោយ សន្តិសុខ សុខសុវត្ថិភាពខ្ពស់ និងសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្តទៀតថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី នៅតែចាត់ទុកសកម្ម ភាព បោសសម្អាតមីននៅកម្ពុជា ជាអាទិភាពដ៏សំខាន់មួយក្នុងចំណោម អាទិភាពសំខាន់ៗនានា ដើម្បីស្តារ កសាង និងអភិវឌ្ឍប្រទេសជាតិឡើងវិញ។ លើសពីនេះ រាជរដ្ឋាភិបាល ក៏បានខិតខំប្រឹងប្រែង គ្រប់លទ្ធភាពទាំងស្មារតី ថវិកា និងធនធានដ៏ទៃៗ ទៀត សំដៅធ្វើយ៉ាងណាជំរុញ សកម្មភាពមីននេះឱ្យបានជោគជ័យ ។ ចំពោះគោលដៅចម្បង តទៅមុខទៀត គឺការពង្រីកឱកាស ក្នុងការអភិវឌ្ឍភូមិ ឃុំ ស្រុក ខេត្ត និងប្រទេសរបស់យើង ឱ្យកាន់តែមានភាពរីកចម្រើន លូតលាស់ជឿនលឿនថែមទៀត ព្រមទាំងបន្តជួយ សង្គ្រោះ ប្រជាពលរដ្ឋឱ្យចាកចេញផុត ពីការភ័យខ្លាច និងគ្រោះថ្នាក់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងក៏ដូចជាការចាកផុតពីការភ័យខ្លាច និងគ្រោះថ្នាក់ដោយសារកត្តាសឹកសង្គ្រាម ដែលអាចកើតមានទ្បើង សារជាថ្មីលើទឹកដី សុវណ្ណភូមិនៃយើង ប្រសិនបើយើងធ្វេសប្រហែស ។

បេក្ខជនបន្តវេននាយករដ្ឋមន្រ្តី នាថ្ងៃអនាគត រូបនេះ បានគួសបញ្ជាក់ថា «ដូច្នេះ សូមបន្តនូវ ចលនាមហាសាមគ្គីជាតិ ខ្មែរស្រឡាញ់ខ្មែរ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ដើម្បីធានាបាននូវនិរន្តរភាពនៃសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដូចដែលយើងកំពុងមានសព្វថៃ្ង ឱ្យបានគង់វង្ស ទុកឱ្យកូនចៅជំនាន់ក្រោយៗ តរៀងទៅ»។

ឆ្លៀតក្នុងឱកាសនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវការដឹងគុណ និងកតញ្ញុតាដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះ សម្តេចតេជោ ដែលតែងបានផ្តល់ភាពកក់ក្តៅ និងស្នាមញញឹមដល់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការលុបបំបាត់ នូវហានិភ័យដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ព្រមទាំងអរគុណដល់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក នៃអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន, មជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា (ស៊ីម៉ាក់), មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) ព្រមទាំងអាជ្ញាធរ ដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ក្នុងការផ្តល់កិច្ចសហការ ជួយសម្របសម្រួល កិច្ចការផ្សេងៗ រួមទាំងការគាំទ្រ ទាំងផ្នែកសារតី និងសម្ភារ ដែលពិតជាបានបង្កលក្ខណៈដល់ការបំពេញ ភារកិច្ចរបស់កងទ័ពជើងគោក នៅក្នុងវិស័យបោស ម្អាតមីន មនុស្សធម៌ ស្របតាមគោលការណ៍ របស់រាជរដ្ឋាភិបាល ដើម្បីឈានទៅសម្រេចបាន ចក្ខុវិស័យ កម្ពុជាសូន្យមីន ឆ្នាំ២០២៥៕

To Top