ភ្នំពេញ ៖ ប្រទេសកម្ពុជា បានត្រៀម លក្ខណៈរួចរាល់ហើយ ក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាត អន្តរសភាអាស៊ាន (អាយប៉ា) លើកទី៤៣ ចាប់ពីថ្ងៃទី២០-២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ នៅសណ្ឋាគារសុខាភ្នំពេញ ។
ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភាកម្ពុជា បានប្រាប់វិទ្យុមិត្តភាពកម្ពុជាចិន នៅរសៀលថ្ងៃទី១៥ខែវិច្ឆិកា ឆ្នាំ២០២២ថា មកដល់ពេលនេះ រដ្ឋសភាកម្ពុជា និងអ្នកពាក់ព័ន្ធបានរៀបចំរួចហើយ សម្រាប់កិច្ចប្រជុំអាយប៉ា លើកទី៤៣ ខាងមុខនេះ ។
ឯកឧត្តមបញ្ជាក់ថា ទាំងមន្ត្រីបច្ចេកទេស សន្តិសុខសណ្តាប់ធ្នាប់ ការទទួលបដិសណ្ឋារកិច្ចភ្ញៀវ និងការអញ្ជើញភ្ញៀវ ប្រទេសជាសមាជិក អាយប៉ា អ្នកសង្កេតការណ៍ និងអង្គការដៃគូយើង បានត្រៀមរួចរាល់ហើយ ។
មហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា) លើកទី៤៣នេះ ធ្វើឡើងក្រោមមូលបទ «បោះជំហានជាមួយគ្នា ដើម្បីនិរន្តរភាព បរិយាប័ន្ន និងភាពធន់ របស់អាស៊ាន» ក្រោមអធិបតីភាព សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានមហាសន្និបាត អន្ដរសភាអាស៊ាន លើកទី៤៣ ។
ក្នុងពិធីបើកមហាសន្និបាតនេះផងដែរ ក៏មានការអញ្ជើញចូលពីបណ្ដា ឥស្សរជនជាន់ខ្ពស់ព្រឹទ្ធសភា រដ្ឋសភា គណៈប្រតិភូ ប្រទេសសមាជិកអាយប៉ា ព្រមទាំងវត្តមាន នៃគណៈប្រតិភូបណ្តាប្រទេស ជាអ្នកសង្កេតការណ៍ ភ្ញៀវម្ចាស់ផ្ទះ និងអង្គការដៃគូ ជាច្រើនទៀត។
ឯកឧត្តមបន្តថា បូកទាំងកម្ពុជា ជាម្ចាស់ផ្ទះ គឺគណៈប្រតិភូដឹកនាំដោយប្រធានសភា ជាសមាជិកអាយប៉ាចំនួន៨ប្រទេស នឹងមកចូលរួមកិច្ចប្រជុំ ដ៏មានសារសំខាន់នេះ ក្នុងនោះប្រទេសភា ប្រទេសហ្វីលីពីន ដឹកនាំដោយអនុប្រធានសភា ព្រោះប្រធានសភា ជាប់រវល់ ។ ដោយឡែកសភាប្រទេសម៉ាឡេស៊ី ត្រូវរំលាយសភា មិនមានអ្នកមកទេ ចំណែកឯសភាភូមាវិញ មានវិបត្តិផ្ទៃក្នុង ក៏មិនបានចូលរួមដែរ។
ក្រៅពីនេះ ក៏មានអ្នកសង្កេតការចំនួន១៦ប្រទេស មកពីទ្វីបអ៊ឺរ៉ុប អាមេរិក និងអាស៊ី និងមានភ្ញៀវ របស់អាយប៉ាចំនួន៩ អគ្គលេខាធិការអាស៊ាន និងអគ្គលេខាធិការអាយប៉ា សរុបមានប្រមាណជិត៥០០នាក់ ។
ឯកឧត្តម ឡេង ប៉េងឡុងបញ្ជាក់ថា ការរៀបចំមហាសន្និបាតអន្តរសភាអាស៊ាននេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំងចំពោះប្រទេសកម្ពុជា ដោយបង្ហាញ ឱ្យឃើញពីសន្តិភាព ស្ថិរភាព និងកិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ ជាពិសេសនឹងទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ បរទេសជាច្រើន។
សំឡេង៖ « អាយប៉ាជាវេទិកាធំមួយបន្ទាប់ពីអាស៊ាន ព្រោះវាជាមជ្ឈមណ្ឌល នៃការទូត ដែលនឹងពិភាក្សាពីបញ្ហាអាស៊ាន និងបញ្ហាពិភពលោក។ អ៊ីចឹងហើយយើងខិតខំ ធ្វើយ៉ាងណាឱ្យការពិភាក្សាគ្នា និងចេញជាប្រកាសរួមមួយ ប្រកបដោយជោគជ័យ ។ ជាការពិតណាស់យើងទទួលភ្ញៀវអន្តរជាតិ បានបង្ហាញពីសមត្ថភាពកម្ពុជា ក្នុងការរៀបចំវេទិកាធំៗ បង្ហាញពីប្រទេសយើង មានសន្តិភាព ការអភិវឌ្ឍ មានស្នាមញញឹម មានបរិយាកាសល្អក្នុងការវិនិយោគ និងទាក់ទាញភ្ញៀវទេសចរ ជាដើម» ។
យោងតាមសេចក្ដីប្រកាស ព័ត៌មាន របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា កាលពីថ្ងៃទី១៤ វិច្ឆិកា បានឱ្យដឹងថា ពិធីបើកមហាសន្និបាតជាផ្លូវការ នឹងប្រារព្ធធ្វើឡើង នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានព្រះរាជសារស្វាគមន៍របស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា ជូនដល់មហាសន្និបាត អន្តរសភាអាស៊ាន លើកទី៤៣ ។ ថ្នាក់ដឹកនាំស្ថាប័នកំពូលៗ នៃកម្ពុជា រួមមាន ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ។ កំឡុងពេលមហាសន្និបាតនេះ ក៏នឹងមានកិច្ចប្រជុំ តាមគណៈកម្មាធិការជំនាញ អាយប៉ា ដូចជា ៖ កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ កិច្ចប្រជុំពេញអង្គ កិច្ចប្រជុំគណៈកម្មាធិការស្ត្រី កិច្ចប្រជុំសមាជិក សភាអាយប៉ាវ័យក្មេង កិច្ចប្រជុំគណៈកម្មាធិការ នយោបាយ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច និងកិច្ចប្រជុំគណៈកម្មាធិការរៀបចំ ជាដើម ។
សូមជម្រាបថា អន្តរសភាអាស៊ាន ហៅកាត់ថា អាយប៉ា (AIPA) ជាសភា នៃបណ្តាប្រទេសជាសមាជិកអាស៊ានទាំង១០ រួមមាន៖ ព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និង វៀតណាម ។ អន្ដរសភាអាស៊ាន ជាការប្រមូលផ្ដុំសំឡេង ប្រជាពលរដ្ឋ ក្នុងសហគមន៍អាស៊ាន ជាដៃគូរបស់អាស៊ាន ក្នុងការជំរុញ ឱ្យសម្រេចបាននូវគោលដៅ និងចក្ខុវិស័យតែមួយ របស់សហគមន៍អាស៊ាន ៕ (អត្ថបទវិទ្យុមិត្តភាព កម្ពុជាចិន )