ព័ត៌មានជាតិ

កម្ពុជាចូលរួមសន្និសីទអន្តរជាតិស្តីពី “ពង្រឹងសាមគ្គីភាព និងសហប្រតិបត្តិការ ជាមួយបណ្តាសង្គមស៊ីវិល និងបណ្តាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ ដើម្បីបង្កើតអនាគតដ៏ល្អប្រសើរ សម្រាប់មនុស្សជាតិ” រៀបចំឡើង នៅរដ្ឋធានីប៉េកាំង ប្រទេសចិន

" "

រសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បណ្តាញអង្គការសង្គមស៊ីវិលចិន (CNIE) បានរៀបចំសន្និសីទអន្តរជាតិស្តីពី “ពង្រឹងសាមគ្គីភាព និងសហប្រតិបត្តិការជាមួយបណ្តាសង្គមស៊ីវិល និងបណ្តាអង្គការក្រៅ   រដ្ឋាភិបាលអន្តរជាតិ ដើម្បីបង្កើតអនាគតដ៏ល្អប្រសើរ សម្រាប់មនុស្សជាតិ” នៅរដ្ឋធានីប៉េកាំង ប្រទេសចិន ដោយមានតំណាងបក្សនយោបាយ អង្គការក្រៅរដ្ឋាភិបាល សង្គមស៊ីវិល ក្រុមធនាគារខួរក្បាល ស្ថាប័នអ្នកសារព័ត៌មានចំនួន២០០ នៃប្រទេសជាង៧០បានចូលរួម ហើយដោយឡែកភាគីកម្ពុជា ដែលបានចូលរួមរួមមាន៖ សមាគមមិត្តភាពកម្ពុជា-ចិន សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន សភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងការិយាល័យមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍប្រចាំកម្ពុជា។

ថ្លែងបើកអង្គសន្និសីទនេះ លោក Chen Zhou អនុរដ្ឋមន្ត្រីនៃក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន បានថ្លែងជម្រាបពីសមិទ្ធផល នៃសមាជលើកទី២០ របស់បក្សកុម្មុយនិស្តចិន ហើយបានរំលេចពីទំនាក់ទំនងដ៏ល្អ រវាងបក្សកុម្មុយនិស្តចិន ជាមួយបណ្តាបក្សនយោបាយនានា នៅទូទាំងពិភពលោក។

" "

សមាជលើកទី២០ របស់បក្សកុម្មុយនិស្តចិន គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត ដែលមិនត្រឹមសម្រាប់ប្រទេសចិនប៉ុណ្ណោះទេ តែថែមទាំងបានចូលរួម ដល់ចរន្តនៃការថែរក្សា សុខសន្តិភាពពិភពលោក ការអភិវឌ្ឍសកល ការថែរក្សាសណ្តាប់ធ្នាប់សកល ការកសាងសហគមន៍រួមជីវិត រវាងមនុស្សនិងធម្មជាតិ ការកសាងសហគមន៍ រួមវាសនានៃមនុស្សជាតិ។ 

" "

លោកក៏បានគូសបញ្ជាក់ពី ទំនាក់ដ៏ល្អជាមេត្រីភាពនៃ បណ្តាសង្គមស៊ីវិលនានារបស់ប្រទេសចិន ជាមួយបណ្តាសង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាលនានា នៅក្នុងពិភពលោកដែលបាននិងកំពុង ចូលរួមយ៉ាងសកម្មបំពេញបាន នូវតម្រូវការជាក់ស្តែងរបស់ប្រជាជន ព្រមទាំងបង្កើនចំណងមេត្រីភាព ជាប្រពៃណីរវាងប្រទេសចិន និងពិភពលោកថែមទៀតផង។

ឯកឧត្តម ឯក សំអុល សមាជិកគណៈប្រចាំការនៃ គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការ ត្រួតពិនិត្យនៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានចូលរួមអបអរសាទរ យ៉ាងស្មោះស្ម័គ្រចំពោះការរៀបចំ ដោយជោគជ័យនូវសមាជជាតិលើកទី២០ របស់បក្សកុម្មុយនិស្តចិន និងសូមចូលរួមអបអរសាទរ យ៉ាងក្លៀវក្លាជូនចំពោះឯកឧត្តម ស៊ី ជីនភីង ដែលត្រូវបានអង្គសមាជបោះឆ្នោត ជាអគ្គលេខាធិការនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន សម្រាប់អាណត្តិទី៣ ដើម្បីបន្តដឹកនាំប្រទេសចិន តាមមាគ៌ាទំនើបកម្មសង្គម និយមតាមបែបផែនចិន។ ឯកឧត្តមក៏បានកម្ពុជាជាប្រទេសតូច ប្រជាជនតិច ក្រីក្រ ប៉ុន្តែមានសំណាងល្អ ដែលបន្តដំណើររួមជាមួយប្រទេសចិន នៅក្នុងរថភ្លើងល្បឿនលឿន នៃការអភិវឌ្ឍជាតិ។ ការស្ថាបនារួមគ្នាក្នុងគំនិតផ្តួចផ្តើម “ខ្សែ ក្រវាត់ និងផ្លូវ” បាននាំប្រទេសកម្ពុជាចូលទៅក្នុងយុគសម័យមាសនៃការអភិវឌ្ឍន៍” ដែលបានធ្វើឱ្យប្រទេសកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំងលើគ្រប់វិស័យ ហើយទទួលបាននូវការកោតសរសើរ និងស្វាគមន៍យ៉ាងខ្លាំងពីពិភពលោក។

ក្នុងនាមសង្គមស៊ីវិល នៅក្នុងប្រទេសកម្ពុជា សមាគមមិត្តភាពកម្ពុជា-ចិន រួមជាមួយបណ្តាសង្គមស៊ីវិលនានា ក្នុងប្រទេសកម្ពុជាបាននិងកំពុង រក្សាការផ្លាស់ប្តូរ និងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយសង្គមស៊ីវិលចិនក្រោមឆ័ត្រ CNIE ដើម្បីពង្រឹងការចែករំលែកពុទ្ធិ និងបទពិសោធន៍ ព្រមទាំងសហការគ្នា ក្នុងការកសាងមូលដ្ឋានគ្រឹះ នៃទំនាក់ទំនងរវាងប្រជាជន និងប្រជាជន សម្រាប់រឹតចំណងមេត្រីភាពជាមិត្តភាព រវាងកម្ពុជានិងចិន ក្នុងយន្តការពហុភាគីនិយម ដើម្បីបង្កើនតម្លៃរួមរបស់ មនុស្សជាតិទាំងមូល ក្នុងការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ ក្រោមកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងការកសាងបានសហគមន៍ ជោគវាសនារួមនៃមនុស្សជាតិ ៕ (ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

To Top