ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋក៏ដូចជាប្រជាកសិករ ដែលជួបបញ្ហាជាក់ស្តែង (តម្លៃស្រូវធ្លាក់ចុះ) ឱ្យទាក់ទងផ្ទាល់ទៅក្រុមការងារ របស់ក្រសួងតាមរយៈទូរស័ព្ទលេខ ០៩៥ ៩៥១ ១១១ (សម្រាប់ខេត្តបាត់ដំបង) និងលេខ ០១២ ៨៣៨ ៩៣៧ (សម្រាប់ខេត្តបន្ទាយមានជ័យ) ដើម្បីឱ្យក្រុមការងារក្រសួង អាចទទួលបានព័ត៌មានពេញលេញ និងធ្វើការសម្របសម្រួល ជាមួយរោងម៉ាស៊ីនកិនស្រូវ នៅក្នុងតំបន់។
ការចេញសេចក្ដីអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពី ប្រជាកសិករ នៅក្នុងខេត្តបាត់ដំបងនិងបន្ទាយមានជ័យ កំពុងជួបប្រទះនូវបញ្ហារាំងស្ទះ ក្នុងការប្រមូលផលស្រូវ នារដូវវស្សានេះ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា បន្ទាប់ពីក្រសួងបានដឹងពីការធ្លាក់ចុះនៃថ្លៃស្រូវនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នាពេលថ្មីៗនេះ ក៏បានសម្រេចចាត់បញ្ចូនអនុរដ្ឋលេខាធិការ ចំនួន២រូបគឺលោក ឃី កុសល និងលោក ឈុំ ឆុនលី ព្រមទាំងក្រុមការងារនៃអគ្គនាយកដ្ឋានកសិកម្ម ដើម្បីពិនិត្យជាក់ស្តែងក្នុងមូលដ្ឋានខេត្តទាំងពីរតែម្តង។
សូមជ្រាបថា ពេញមួយខែវិច្ឆិកា រហូតដល់ពាក់កណ្ដាលខែធ្នូ គឺជាពេលវេលាប្រមូលផលស្រូវ រដូវវស្សាជាពិសេសប្រភេទពូជស្រូវផ្ការំដួល ដែលជាហេតុធ្វើឱ្យរោងម៉ាស៊ីនកិនស្រូវ កំពុងកកស្ទះ និងជះឥទ្ធិពលដល់ថ្លៃស្រូវ ដូចកាលពីឆ្នាំកន្លងទៅដែរ។ ឆ្នាំនេះក៏ការប្រមូលផលនៅតែមានច្រើន និងសម្រុកធ្វើឡើងព្រមៗគ្នា ចាប់ពីដើមខែវិច្ឆិកាមក។ បើទោះបីជាដំណាំស្រូវ ត្រូវរងផលប៉ះពាល់ ដោយសារទឹកជំនន់ក៏ដោយ។
នៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ រោងម៉ាស៊ីនកិនស្រូវជាច្រើន កំពុងមមាញឹកក្នុងការប្រមូលទិញ សម្ងួត និងកិនស្រូវប្រភេទផ្ការំដួលនេះ ទៅតាមសមត្ថភាព និងលទ្ធភាពរៀងៗខ្លួន។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអំពាវនាវដល់បងប្អូនប្រជាកសិករដែលជួបបញ្ហាជាក់ស្តែង ឱ្យទាក់ទងផ្ទាល់មកក្រុមការងារ របស់ក្រសួងតាមរយៈទូរស័ព្ទលេខ ០៩៥ ៩៥១ ១១១ (សម្រាប់ខេត្តបាត់ដំបង) និងលេខ ០១២ ៨៣៨ ៩៣៧ (សម្រាប់ខេត្តបន្ទាយមានជ័យ) ដើម្បីឱ្យក្រុមការងារក្រសួងអាច ទទួលបានព័ត៌មានពេញលេញ និងធ្វើការសម្របសម្រួល ជាមួយរោងម៉ាស៊ីនកិនស្រូវ នៅក្នុងតំបន់។
ទន្ទឹមគ្នានេះ ក្រសួងសូមអំពាវនាវឱ្យបងប្អូន នៅក្នុងបណ្ដាញសង្គមបញ្ឈប់ នូវការបង្ហោះព័ត៌មានមិនពិតដែលថា ក្រសួងមិនអើពើជួយដោះស្រាយ។ ការបង្ហោះព័ត៌មានបែបនេះ នឹងបង្កការភ័យបារម្ភ ដល់ប្រជាកសិករដែលមិនទាន់ ដល់ពេលប្រមូលផល ឱ្យប្រញាប់ច្រូតស្រូវ មិនទាន់គ្រប់គុណភាពដើម្បីលក់ ដែលធ្វើឱ្យថ្លៃស្រូវ កាន់តែធ្លាក់ចុះថែមទៀត៕