ព័ត៌មានជាតិ

បើកវគ្គបណ្ដុះបណ្ដាល កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដល់គ្រួសារងាយរងហានិភ័យ

កំពង់ចាម៖ លោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាល និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ ២០២២នេះ បានអញ្ជើញជាអធិបតី បើកវគ្គបណ្ដុះបណ្ដាល កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងកម្មវិធីការអនុវត្តឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ការរៀបចំថ្ងៃនេះ ក៏បានបង្ហាញពីការយកចិត្ទទុក ដាក់ក្នុងការបង្កើនចំណេះដឹង ជំនាញ និងសមត្ថភាពដល់ថ្នាក់ដឹកនាំ និងមន្ត្រីប្រតិបត្តិកម្មវិធីរបស់យើង ក្នុងការត្រៀមលក្ខណៈយ៉ាងសកម្ម ក្នុងការអនុវត្តនូវកម្មវិធីថ្មីនេះ ឱ្យទទួលបានជោគជ័យ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ឆ្លើយតប ទៅនឹងសុឆន្ទៈរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្តេចតេជោ និងថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាយើង។

លោកអភិបាលខេត្តបន្តថា ផ្អែកតាមការអនុវត្តកម្មវិធី រយៈពេលកន្លងមក មន្ត្រីក្រុង ស្រុក ឃុំ សង្កាត់ មូលដ្ឋានសុខាភិបាលសាធារណ: ទទួលបានបទពិសោធន៍ និងការរៀនសូត្រ ជាច្រើន ដែលធ្វើឱ្យការអនុវត្តកម្មវិធី កាន់តែមានប្រសិទ្ធភាព និងសម្រេចបានលទ្ធផលជាច្រើន គួរជាទីមោទនៈ។ ទន្ទឹមនឹងនេះ ក៏នៅមានចំណុចខ្វះខាតមួយចំនួន ដែលទាមទារឱ្យមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត និងមន្ទីរផែនការខេត្ត បន្តចុះកែលម្អបន្ថែមទៀតពិសេស ការគាំទ្រ និងការតាមដាន ត្រួតពិនិត្យ ដើម្បីពង្រឹងការអនុវត្តមុខងារ តួនាទី ភារកិច្ច ឱ្យកាន់តែមានតម្លាភាពគណនេយ្យ និងសុក្រឹត្យភាព ដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងមូលដ្ឋានសុខាភិបាលសាធារណៈ ទាំងលក្ខណៈបច្ចេកទេស និងនយោបាយ ពិសេសការគ្រប់គ្រងករណីមួយ ដ៏សមស្រប និងមានភាពបទបែន លើគ្រប់ទិដ្ឋភាពសង្គម ។

លោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកមូលនិធិជាតិជំនួយសង្គម បានថ្លែងផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវកម្មវិធីថ្មី ក្នុងចំណោមកម្មវិធី ជំនួយសង្គមផ្សេងទៀត នោះគឺកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ពិសេស ក្នុងឆ្នាំ២០២២នេះ ផ្អែកតាមរបាយការណ៍ របស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ឃើញថាខេត្តកំពង់ចាម ជាខេត្តមួយដែលបាន អនុវត្តការងារបានល្អ និងមានភាពលិចធ្លោ បើធៀបទៅនឹងក្របខណ្ឌទូទាំងប្រទេស ផ្អែកតាមសមិទ្ធិផល វឌ្ឍនភាពជាច្រើន គួរឲ្យកត់សម្គាល់ ហើយក៏ជាមោទនភាព របស់ខេត្តកំពង់ចាម ផងដែរ។

ទន្ទឹមនោះ មន្ទីរពាក់ព័ន្ធ បានធ្វើការសម្របសម្រួល ដល់ដំណើរការនៃការអនុវត្តកម្មវិធី ទាំងតាមក្រុមតេឡេក្រាម ទូរស័ព្ទ និងការចុះមូលដ្ឋានផ្ទាល់ ដើម្បីពិនិត្យ និងឆ្លើយតបរាល់បញ្ហាផ្សេងៗ ដែលបានកើតមានពិសេសជាងនេះទៀតនោះ គឺមានការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពបន្ថែម ដល់មន្ត្រីអនុវត្តកម្មវិធី តាមឃុំសង្កាត់ និងមណ្ឌលសុខភាព រៀងរាល់ព្រឹកថ្ងៃអាទិត្យ ដើម្បីឱ្យការអនុវត្តកម្មវិធី ដំណើរការដោយរលូន ស្របតាមនីតិវិធី និងគោលការណ៍ណែនាំ ប្រកបដោយស័ក្ដិសិទ្ធិភាព និងទទួលបានប្រសិទ្ធិភាពខ្ពស់ ៕

To Top