ភ្នំពេញ៖ លោក Lloyd J. Austin រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក នឹងបង្ហាញវត្តមាន នៅលើទឹកដីកម្ពុជា នៅដើមសប្ដាហ៍ក្រោយ ដើម្បីចូលរួមកិច្ចប្រជុំ រដ្ឋមន្រ្តីការពារជាតិ អាស៊ាន-បូក ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ។
យោងតាមគេហទំព័រ របស់ក្រសួងការពារជាតិអាមេរិក បានឱ្យដឹងថា មុនពេលឈានជើងដល់ទឹកដីកម្ពុជា លោក Lloyd J. Austin ក៏នឹងមានដំណើរទស្សនកិច្ច ទៅកាន់ប្រទេសកាណាដា និងឥណ្ឌូនេស៊ី ផងដែរ។
ប្រភពដដែលបញ្ជាក់ថា «លោក Austin នឹងចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ានលើកទី៩ (ADMM)-Plus រួមជាមួយនឹងប្រទេសសមាជិកអាស៊ាន ទាំង១០ និងដៃគូសន្ទនាចំនួនប្រាំបី»។
នៅលើកម្មវិធី ADMM-Plus នៃព្រឹត្តិការណ៍នេះ លោក Austin នឹងធ្វើកិច្ចសហប្រតិបត្តិការពហុភាគី ក្រៅផ្លូវការជាមួយសមភាគីអាស៊ាន ហើយជួបជាមួយសមភាគីពីកម្ពុជា និងប្រទេសជាដៃគូជាច្រើន។ រាល់ការចូលរួមទាំងនេះ នឹងបង្ហាញពីការបោះជំហានសំខាន់ៗ ដែលក្រសួងការពារជាតិអាមេរិក កំពុងអនុវត្តន៍ជាមួយសម្ព័ន្ធមិត្ត និងដៃគូ ដើម្បីនាំមកនូវស្ថិរភាព តម្លាភាព និងបើកចំហរកាន់តែច្រើន ដល់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
សូមរំលឹកផងដែរថា ក្នុងពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី៨-១៣ វិច្ឆិកា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ក៏បានអញ្ជើញចូលរួមផ្ទាល់ផងដែរ។មិនត្រឹមតែប៉ុណ្ណោះ ក្នុងពេលមានវត្តមាននៅលើទឹកដីកម្ពុជា លោកប្រធានាធិបតីអាមេរិករូបនេះ បានបង្ហាញនូវ កាយវិការ ក៏ដូចជាសកម្មភាព ដ៏គួរឱ្យភ្ញាក់ផ្អើលជាច្រើន ដែលត្រូវបានអ្នកវិភាគ មើលឃើញថា ជាសញ្ញា «វិជ្ជមាន» សម្រាប់ការពង្រីកទំនាក់ទំនាក់ នៃប្រទេសទាំងពីរ (កម្ពុជា-អាមេរិក)៕