ភ្នំពេញ ៖ ក្រុមចោរលួចគាស់ផ្ទះ និងលួចកាត់ខ្សែភ្លើង យ៉ាងសកម្ម ក្នុងភូមិសាស្រ្តខេត្តតាកែវ ចំនួន៧នាក់ ត្រូវបានកងកម្លាំងរាជអាវុធហត្ថ ខេត្តតាកែវ ចាប់ខ្លួនបាននៅ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ។ បន្ថែមពីនេះ ម្ចាស់ទីតាំងទទួលផលចោរកម្ម ចំនួន៣នាក់ ក៏ត្រូវបានឃាត់ខ្លួនផងដែរ។
បើតាម លោកឧត្តមសេនីយ៍ សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានឱ្យដឹងថា មួយរយៈពេលនេះ ក្រុមជនសង្ស័យ បានចេញធ្វើសកម្មភាពដើរ លួចកាន់ខ្សែភ្លើង សាធារណៈ ក៏ដូចជារបស់របរប្រជាពលរដ្ឋ ជាច្រើន ហើយជាងនេះទៅទៀត ក្រុមជនសង្ស័យ បានដើរគាស់ផ្ទះ របស់ប្រជាពលរដ្ឋ យកទ្រព្យសម្បត្តិ ដែលធ្វើអោយប្រជាពលរដ្ឋ រស់នៅមិនបានសុខហើយ មានការភិតភ័យ ស្ទើគ្រប់ៗគ្នា។
លោកឧត្តមសេនីយ៍ត្រី បានបន្តថា ដើម្បីធានាបានសន្តិសុខ ជូនដល់ប្រជាពលរដ្ឋ លែងព្រួយបារម្ភនឹងឈប់មានការភិតភ័យបន្តទៀតនោះ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានណែនាំដល់លោកធ្វើយ៉ាងណា ត្រូវតែបង្ក្រាបក្រុមចោរហារយទាំងនេះ អោយបានជាដាច់ខាត ទើបនៅវេលាម៉ោង ១១៖២៥នាទីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសអាវុធហត្ថ ខេត្តខេត្តតាកែវ សហការជាមួយកម្លាំង អាវុធហត្ថក្រុងបង្រ្កាបបានតែម្ដង ។
ម្ចាស់ទីតាំងលក់អេតចាយ ទទួលផលចោកម្មទាំង៣ទីតាំងរួមមាន៖
១.ឈ្មោះជុន ណារួន ភេទប្រុស អាយុ៣០ឆ្នាំ អាជីវករ រស់នៅភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
២.ឈ្មោះ យី ភ័សនី ភេទស្រី អាយុ ៥៩ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ។
៣.ឈ្មោះ កែវ សាលី ភេទ ស្រី អាយុ ៤១ឆ្នាំ រស់នៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ សុទ្ធតែជាអ្នកទទួលទិញ របស់ចោនៅពេលក្រុម នោះលួចបានយកលក់អោយ ។
ចំពោះជនសង្ស័យទាំង ៧នាក់ រួមមាន៖
១.ឈ្មោះ ហ៊ឹម ផន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅភូមិខ្វាវ ឃុំតាសឹង្ហ ស្រុកទ្រាំង។
២.ឈ្មោះ យ៉េង ប៊ុណ្ណា ភេទប្រុស អាយុ២១ឆ្នាំមុខរបរមិនពិតប្រាកដ។
៣.ឈ្មោះ ចៅ ភី ភេទប្រុស អាយុ២៧ឆ្នាំមុខរបរមិនពិតប្រាកដ។
៤.ឈ្មោះ ឈៀង ប៊ុនរឿន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ។
៥.ឈ្មោះ សុខ ថា ភេទប្រុស អាយុ២២ឆ្នាំមុខរបរមិនពិតប្រាកដ។
៦.ឈ្មោះ ប៊ុន រាសី ភេទប្រុស អាយុ១៧ឆ្នាំមុខរបរមិនពិតប្រាកដ។
៧.ឈ្មោះ សូ សុដា ភេទប្រុស អាយុ២៤ឆ្នាំមុខរបរមិនពិតប្រាកដ។
ជនសង្ស័យទាំង៧នាក់ មានទីលំនៅភូមិថ្នល់បែក សង្កាត់រការក្រៅ ក្រុងដូនកែវ។
នៅចំពោះមុខសមត្ថកិច្ចជំនាញ ក្រុមជនសង្ស័យ បានឆ្លើយសារភាពថាពួកគេ ពិតជាបានដើធ្វើសកម្មលួចកាត់ខ្សែភ្លើង តាមផ្ទះតាមផ្លូវសាធារណៈ នឹងដើរគាស់ផ្ទះរបស់ប្រជាពលរដ្ឋ នៅពេលយប់ៗពិតប្រាកដមែន។
បច្ចុប្បន្ន កម្លាំងជំនាញ កំពុងតែញាប់ដៃញាប់ជើង ដើម្បីសួរនាំបន្ថែមដល់ជនសង្ស័យ ដើម្បីបញ្ជូនទៅសាលាដំបូងខេត្ត ៕