ភ្នំពេញ៖ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានថ្លែងកោតសរសើរយ៉ាងស្មោះ ចំពោះការខិតខំប្រឹងប្រែង សហការបានយ៉ាងល្អ របស់សមាជិកទាំងអស់ នៃក្រុមប្រឹក្សាភិបាល ប.ស.ស. ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកគ្រប់លំដាប់ថ្នាក់របស់ ប.ស.ស. ដែលបានខិតខំយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តការងារ សម្រេចបានលទ្ធផលការងារ រយៈពេល៩ខែ ប្រកបដោយភាពល្អប្រសើរ ច្បាស់លាស់ និងតម្លាភាព។
ការថ្លែងឡើងបែបនេះក្នុងឱកាសដែល លោកបណ្ឌិតរដ្ឋមន្ត្រី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. លើកទី១៥ អាណត្តិទី១ របស់ខ្លួន ដើម្បីពិភាក្សាលើ ២ របៀបវារៈ រួមមាន៖ ១) សេចក្ដីព្រាងរបាយការណ៍លទ្ធផលការងារ សម្រេចបាន៩ខែ របស់បេឡាជាតិសន្តិសុខសង្គម, ២) ពិនិត្យសម្រេចលើសំណើ សុំចុះកិច្ចព្រមព្រាងរបស់ធនាគារដៃគូ។
បើយោងតាមរបាយការណ៍លទ្ធផលការងារ សម្រេចបាន៩ខែ របស់បេឡាជាតិសន្តិសុខសង្គម ដែលបានថ្លែងឡើងដោយ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានបង្ហាញថា របបសន្ដិសុខសង្គមផ្នែកប្រាក់សោធន បានដាក់ឱ្យដំណើរការកាលពីពេលថ្មីកន្លងទៅនេះ ប្រកបដោយភាពជោគជ័យ និងមានសហគ្រាសតូចៗជាច្រើន មកចូលរួមចុះបញ្ជិកាជាមួយ ប.ស.ស. ហើយបម្រែបម្រួល នៃការចុះបញ្ជិការបស់សហគ្រាស គ្រឹះស្ថាន វិស័យឯកជននេះ មានការកើនឡើងខ្ពស់ ក្នុងនោះមានសហគ្រាស ចុះបញ្ជីចំនួន ២ ១៧៧សហគ្រាស មានការកើនឡើង១៦៥.១៦% និងមានសមាជិក ២២៩ ៦៥៥នាក់ កើនឡើង ៤៥១.២៩% ជាទិន្នន័យកើនឡើងខ្ពស់ គួរឱ្យកត់សម្គាល់ បើធៀបទៅនឹងរយៈពេល ៩ខែ ក្នុងឆ្នាំ២០២១។
តាមរបាយការណ៍នេះ ដដែលបានបង្ហាញទៀតថា៖ សម្រាប់ឆ្នាំ ២០២២នេះ ដោយស្ថានភាពជំងឺកូវីដមានការធូរស្រាល ស្ថានភាពសុខភាព របស់បងប្អូនកម្មករនិយោជិត មានលក្ខណៈល្អប្រសើរធ្វើអោយការផ្ដល់តាវកាលិក ផ្នែកថែទាំសុខភាពមានការថយចុះ ប៉ុន្ដែចំពោះផ្នែកហានិភ័យការងារ ការផ្ដល់តាវកាលិក មានការកើនឡើង ៤៧.១៦% បើធៀបទៅនឹងរយៈពេល ៩ខែ ក្នុងឆ្នាំ២០២១។ ចំណែកការផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាលជូនកម្មករ និយោជិត ជាស្រ្ដី សម្រាលកូន រយៈពេល ៩ខែ កន្លងទៅនេះ មានស្រ្ដីសម្រាលកូនសរុប ៣៩ ៥២១នាក់ មានការថយចុះ ១៩.៦០% និងកូនចំនួន ៣៩ ៧៩១នាក់ មានការថយចុះ ១៩.៦៣% បើធៀបទៅនឹងរយៈពេល ៩ខែ ក្នុងឆ្នាំ២០២១ កន្លងទៅ។
គិតត្រឹមខែកញ្ញា ឆ្នាំ២០២២ នេះ សហគ្រាស គ្រឹស្ថាន វិស័យឯកជន ដែលបានចុះបញ្ជិកាមក ប.ស.ស. មានចំនួន ១៣ ៣៥៥សហគ្រាស ដែលមានសមាជិកសរុប ១ ៤៦៦ ៧២៥នាក់។ ដោយឡែកសម្រាប់វិស័យសាធារណៈ ផ្នែកហានិភ័យការងារ មានចំនួន ៣៥ស្ថាប័ន និងផ្នែកថែទាំសុខភាព មានចំនួន ៣៩ស្ថាប័ន ដែលមានក្នុងប្រព័ន្ធ ប.ស.ស. ។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំពិភាក្សាខាងលើ ប្រព្រឹត្តទៅនៅសាលប្រជុំធំ ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានអញ្ជើញចូលរួម ពីសំណាក់សមាជិក នៃក្រុមប្រឹក្សាភិបាល និងសមាជិក សមាជិកា សរុបប្រមាណជាង ១១ រូប៕