នយោបាយ

ទស្សនៈនិងមតិ ៖ អ៊ុយក្រែន អាចនឹងមិនសូវ ទទួលបានការគាំទ្រ ពីអាមេរិក ក្នុងករណីគណបក្ស សាធារណរដ្ឋឈ្នះឆ្នោត

ភ្នំពេញ៖ លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានបង្ហាញក្ដីបារម្ភ អំពីការរំពឹងទុក សម្រាប់កញ្ចប់ជំនួយ នាពេលអនាគត របស់អាមេរិកដល់ អ៊ុយក្រែន ប្រសិនបើគណបក្សសាធារណរដ្ឋ គ្រប់គ្រងសភាមួយ ក្នុងចំណោមសភាទាំង២ របស់សហរដ្ឋអាមេរិក ក្នុងការបោះឆ្នោត ពាក់កណ្ដាលអាណត្តិ កាលពីថ្ងៃអង្គារ ទី៨ ខែវិច្ឆិកាសប្ដាហ៍មុន។

ជុំវិញការលើកឡើង របស់លោកប្រធានាធិបតីអាមេរិក បែបនេះ ត្រូវបានអ្នកវិភាគនយោបាយក្នុងតំបន់មើលឃើញថា អ៊ុយក្រែន អាចនឹងមិនសូវទទួលបាន ការគាំទ្រពីអាមេរិកដូចពីមុន និងបច្ចុប្បន្នឡើយ ក្នុងករណីគណបក្សសាធារណរដ្ឋ ឈ្នះឆ្នោត ។

មុននឹងឈានទៅដល់រឿងរ៉ាវទាំងអស់នេះ គេត្រូវសម្លឹងមើលស្ថានភាពពិភពលោក បច្ចុប្បន្នជាមុនសិន ៖ វិបត្តិថាមពល សេដ្ឋកិច្ច ស្បៀងអាហារ បានបន្តអូសបន្លាយ អស់រយៈពេលជិត១០ខែមកហើយ ចាប់តាំងពីរុស្ស៊ីបើកការវាយប្រហារ ទាំងព្រម (ផ្លូវទឹក ផ្លូវគោកនិងផ្លូវអាកាស) ទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតដល់មានការគម្រាមកំហែង អាវុធនុយក្លេអ៊ែរ ដាក់គ្នាផងដែរ ។

ប្រតិបត្តិការវាយប្រហារ ពីសំណាក់ប្រទេសមហាអំណាចរុស្ស៊ីនេះ ត្រូវបានលោក វ្លាឌឺមៀ ពូទីន  ដែលមានរហ័សនាម អ្នកប្រយុទ្ធខ្លាឃ្មុំទឹកកក ធានាអះអាងថា ដើម្បីការពារខ្លួនទុកជាមុន ពីការវាទទី របស់អង្គការយោធា ណាតូ ដែលដឹកនាំ ដោយសហរដ្ឋអាមេរិក។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកវិភាគនយោបាយក្នុងតំបន់ បានមើលឃើញថា ទង្វើនេះ គឺជាការឈ្លានពាន ដែលមិនអាចទទួលយកបានឡើយ ក្នុងបូរណភាពទឹកដីនៃប្រទេសឯករាជ្យមួយ។

ប៉ុន្តែអ្វីដែល គួរឱ្យចាប់អារម្មណ៍នោះ ភាពវឹកវរនៅតែបន្តកើតឡើង ទោះបីមានការដាក់សម្ពាធ ទណ្ឌកម្ម យ៉ាងគគ្រឹគគ្រេង  ទៅលើប្រទេសរុស្ស៊ី យ៉ាងណាក្ដី។ បន្ថែមលើសពីនោះ អ្វីដែលគួរឱ្យខ្លោចចិត្ត អាវុធយុទ្ធភ័ណ្ឌ គ្រឿងរំសេវ ដែលមានសារធាតុផ្ទុះ បានហូរចាក់ចូលក្នុងប្រទេសអ៊ុយក្រែន យ៉ាងសន្ធឹកសន្ធាប់ ដូចដែលគេប្រៀបបានថា «យកសាំងទៅចាក់លើភ្លើងដែលកំពុងឆេះ»។

អាវុធយុទ្ធភ័ណ្ឌ មីស៊ីល និងប្រព័ន្ធខែលការពារ ដែលបានផ្គត់ផ្គង់ ទៅកាន់ប្រទេសអ៊ុយក្រែន ជារឿងមួយ ប៉ុន្តែអ្វីដែលនាំឱ្យស្ថានភាព គ្មានសញ្ញាធូរស្រាលសូម្បីតែបន្តិចនោះ គឺការប្រើប្រាស់ពាក្យពេចន៍ របស់បណ្ដាមេដឹកនាំលោកខាងលិច សហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ក្នុងការវាយបកទៅកាន់មេដឹកនាំរុស្ស៊ី លោកវ្លាឌឺមៀ ពូទីន ។ ក្នុងនោះត្រូវបានគេហៅថា «សង្គ្រាមព័ត៌មាន»។

ជុំវិញជំនួយទាំងអស់ ដែលបានផ្ដល់ឱ្យអ៊ុយក្រែន នាពេលកន្លងមកមិន អាចធ្វើឱ្យប្រទេសនេះ វិលត្រឡប់ទៅកាន់សភាពដើមវិញបាននោះទេ ក្រៅពីការស្លាប់បាត់បង់ជីវិត របស់ប្រជាពលរដ្ឋ កងទ័ព និងជាពិសេសតំបន់ចំនួន៤(Donetsk , Lugansk, Zaporizhzhia និង Kherson ) ត្រូវបានធ្លាក់ក្នុងកណ្ដាប់ដៃ របស់រុស្ស៊ីគ្រប់គ្រងស្ទើរទាំងស្រុង។

ក្នុងពេលប៉ុន្មានថ្ងៃកន្លង មកនេះ មេដឹកនាំគណបក្សសាធារណរដ្ឋក្នុងសភាគឺលោក Kevin McCarthy បាននិយាយថា លោកនឹងពុំមានបំណង ចំណាយច្រើន តាមការចង់បានសម្រាប់ជំនួយអ៊ុយក្រែនទេ ប្រសិនបើគណបក្សសាធារណរដ្ឋ គ្រប់គ្រងសភា យកបានពីគណបក្សប្រជាធិបតេយ្យ ក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិ។  គណបក្សសាធារណរដ្ឋត្រូវបានខ្វែងគំនិត រវាងអ្នកដែលមើលឃើញ ពីតម្រូវការក្នុងការគ្រប់គ្រង ប្រទេសរុស្ស៊ី និងអ្នកផ្សេងទៀតដែលចូលចិត្តនយោបាយ ការបរទេសឯកោជាង។

សញ្ញាណនៃការថមថយការទំនុកបម្រុង លើប្រទេសអ៊ុយក្រែននេះ ធ្វើឱ្យគេនឹកឃើញដល់ព្រឹត្តិការណ៍ នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន កាលពីឆ្នាំ២០២១ កន្លងទៅ ដោយអាមេរិក បានដកទ័ពចេញ ជាបន្ទាន់ពីប្រទេស អាហ្វហ្កានីស្ថាន បន្សល់ទុកឲ្យប្រទេសមួយនេះ ប្រឈមនឹងហានិភ័យ នៃទុក្ខវេទនាក្រោមកណ្ដាប់ដៃ នៃក្រុមតាលីបង់ ។

សូមបញ្ជាក់ថា ចាប់តាំងពីរុស្ស៊ី បើកការវាយលុក លើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក សហរដ្ឋអាមេរិកបានផ្តល់ជំនួយ សន្តិសុខជាង ១៧.៥ពាន់លានដុល្លារអាមេរិក ដល់ប្រទេសអ៊ុយក្រែន ៕

To Top