ព័ត៌មានជាតិ

ប្រធានរដ្ឋសភាវៀតណាម នឹងបំពេញទស្សនកិច្ច នៅកម្ពុជា រយៈពេល៥ថ្ងៃ

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា, លោក វឿង ឌីញ ហ្វ (VUONG DINH HUE) ប្រធានរដ្ឋសភាវៀតណាម នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភាវៀតណាម មកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅកម្ពុជា រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៩-២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ។

យោងតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋសភាកម្ពុជា នាពេលថ្មីៗនេះ បានឱ្យដឹងថា ក្នុងកំឡុងពេលទស្សនកិច្ចនេះ លោក វឿង ឌីញ ហ្វ នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ លោក វឿង ឌីញ ហ្វ ក៏នឹងចូលជួបសម្តែងការគួរសមជាមួយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាផងដែរ។

លើសពីនេះ លោក វឿង ឌីញ ហ្វ ប្រធានរដ្ឋសភាវៀតណាម នឹងជួបសវនាការ និងពិភាក្សាការងារទ្វេភាគីជាមួយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ និងដើម្បីប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៨៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលត្រូវបានកំណត់ជា «ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម»។ នៅក្រោយជំនួប ភាគីទាំងពឺរ នឹងអញ្ជើញចុះ ហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងរដ្ឋសភាទាំងពីរ កម្ពុជា-វៀតណាម និងរវាងអគ្គលេខាធិការដ្ឋាន រដ្ឋសភាកម្ពុជា និងខុទ្ទកាល័យរដ្ឋសភាវៀតណាម។

ជាងនេះទៅទៀត ក្នុងដំណើរទស្សនកិច្ចនេះដែរ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម នឹងអញ្ជើញដាក់កម្រង ផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ មណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងវិមានមិត្តភាព កម្ពុជា-វៀតណាម៕

To Top