ព័ត៌មានជាតិ

បទអត្ថាធិប្បាយ៖ សង្គមស៊ីវិល កម្ពុជា-ចិន ជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងមិត្តភាព 

«ចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងសង្គមស៊ីវិល និងអង្គការក្រៅរដ្ឋាភិបាល នៃប្រទេសយើងទាំងពីរ កម្ពុជា-ចិនគឺជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងមិត្តភាព រវាងប្រទេសទាំងពីរ អស់ជាច្រើនជំនាន់»។


នេះគឺជាប្រសាសន៍របស់ឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាព កម្ពុជា-ចិន លើកឡើង នាពេលថ្មីៗនេះ។
នៅក្នុងវេទិកាសង្គមស៊ីវិលអន្តរជាតិ កាលពីថ្ងៃទី១៦ វិច្ឆិកា ២០២២ ឯកឧត្តម ឯក សំអុល បានគូសបញ្ជាក់ថា៖ «ចំណងសាមគ្គីភាព និងសហប្រតិបត្តិការរវាងសង្គមស៊ីវិល និងអង្គការក្រៅរដ្ឋាភិបាល នៃប្រទេសយើងទាំងពីរ កម្ពុជា និងចិន គឺជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងមិត្តភាព រវាងប្រទេសទាំងពីរ អស់ជាច្រើនជំនាន់។ សមាជជាតិលើកទី២០ នៃបក្សកុម្មុយនិស្តចិន បានផ្តល់ឱកាស និងវិស័យថ្មីសម្រាប់សង្គមស៊ីវិល និងអង្គការក្រៅរដ្ឋាភិបាល នៃប្រទេសយើងទាំងពីរ កម្ពុជា-ចិន ក្នុងការចាប់ដៃគ្នាក្នុងយុគសម័យថ្មី ដើម្បីបង្កើតអនាគតដ៏ល្អប្រសើរ»។


ឯកឧត្តម ឯក សំអុល ដែលក៏ជាសមាជិកគណៈប្រចាំការ នៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាបានបន្តទៀតថា «យើងបាន និងកំពុងរក្សាការផ្លាស់ប្តូរ និងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយអង្គការក្រៅរដ្ឋាភិបាលរបស់ប្រទេសចិន សម្រាប់ការលើកកម្ពស់ការផ្លាស់ប្តូរអន្តរជាតិ នៃបណ្តាញអង្គការសង្គមស៊ីវិលចិន (CNIE) ហើយយើងទទួលបានលទ្ធផលជាផ្លែផ្កាយ៉ាងច្រើនឥតគណនា។»


ជាមួយគ្នានេះ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន នាថ្ងៃទី១៧ វិច្ឆិកា ២០២២ ដែរថា សង្គមស៊ីវិលគឺអ្នកចូលរួមចំណែកក្នុងការបំពេញតម្រូវការជាក់ស្តែងរបស់ប្រជាជននៅតាមមូលដ្ឋាន ហើយសង្គមស៊ីវិលគឺជាការតភ្ជាប់មេត្រីភាព រវាងប្រជាជននិងប្រជាជន។


« សង្គមស៊ីវិលកម្ពុជានិងចិនគឺជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងមិត្តភាព រវាងប្រជាជាតិនៃប្រទេសយើងទាំងពីរ កម្ពុជា-ចិន ដូចជា ទាក់ទងនឹងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ដែលក្នុងនោះ មានចំណុចតភ្ជាប់មួយដ៏សំខាន់ គឺការតភ្ជាប់ដួងចិត្តរវាងប្រជាជននិងប្រជាជន ហើយការណ៍នេះគឺជាតួនាទីដ៏សំខាន់ និងកាន់តែសកម្មរបស់សង្គមស៊ីវិលរបស់ប្រទេសចិន ជាមួយនឹងបណ្តាប្រទេសនានា នៅក្នុងពិភពលោក ដែលកំពុងតែបានចូលរួមយ៉ាងសកម្ម នៅក្នុងគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ»។


ក្នុងនាមសមាគមមិត្តភាព កម្ពុជា-ចិន ឯកឧត្តម ឯក សំអុល ក៏បានបញ្ជាក់ដែរថា ឯកឧត្តមមានឆន្ទៈ និងត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការជាមួយសង្គមស៊ីវិល និងអង្គការក្រៅរដ្ឋាភិបាលនានា របស់ប្រទេសចិន ដើម្បីអនុវត្តគម្រោងថ្មីៗជាច្រើនទៀត ដែលស្របតាមឆន្ទៈរបស់ប្រជាជនកម្ពុជា និងផ្តល់ផលប្រយោជន៍ដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ដែលជាពិសេស ផ្តល់ជូនដល់ប្រជាជនកម្ពុជានូវការចែករំលែកឱកាស និងសមិទ្ធផលនៃការអភិវឌ្ឍរបស់ប្រទេសចិន។


«យើងមានឆន្ទៈក្នុងការធ្វើការជាមួយសង្គមស៊ីវិល និងអង្គការក្រៅរដ្ឋាភិបាលរបស់ប្រទេសចិន ដើម្បីពង្រឹងការចែករំលែកពុទ្ធិ និងបទពិសោធន៍ ព្រមទាំងសហការគ្នា ក្នុងការកសាងមូលដ្ឋានគ្រឹះនៃទំនាក់ទំនងរវាងប្រជាជន និងប្រជាជន សម្រាប់រឹតចំណងមេត្រីភាពជាមិត្តភាព រវាងកម្ពុជា និងចិន ដើម្បីបង្កើនតម្លៃរួមរបស់មនុស្សជាតិទាំងមូល»៕


(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

To Top