នយោបាយ

ប្រេសិតពិសេសប្រធានអាស៊ាន ចាត់ទុកការដោះលែង អ្នកទោសទ្រង់ទ្រាយធំ នៅភូមា ជាសញ្ញាបង្ហាញ ពីសុឆន្ទៈក្នុងការស្វែង រកដំណោះស្រាយ ដោយសន្តិវិធី

ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេស នៃប្រធានអាស៊ាន ទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា បានចាត់ទុកការដោះលែង អ្នកទោសទ្រង់ទ្រាយធំ នៅមីយ៉ាន់ម៉ាថា ជាសញ្ញាបង្ហាញ ពីសុឆន្ទៈក្នុងការស្វែងរក ដំណោះស្រាយដោយសន្តិវិធី ចំពោះវិបត្តិបច្ចុប្បន្ន និងជាការវិវត្តវិជ្ជមាន ស្របតាមស្មារតី និង បំណងប្រាថ្នា នៃកិច្ចព្រមព្រៀងជាឯកឆន្ទ ៥ចំណុច ដែលសម្រេចក្នុង កិច្ចប្រជុំមេដឹកនាំ អាស៊ាន នៅថ្ងៃទី២៤ មេសា ឆ្នាំ២០២១ ។

ការលើកឡើងរបស់លោក ប្រាក់ សុខុន បែបនេះធ្វើឡើងបន្ទាប់ ក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃប្រទេសមីយ៉ាន់ម៉ា កាលពីពេលថ្មីៗកន្លងទៅនេះ បានសម្រេចដោះលែង អ្នកទោសទ្រង់ទ្រាយធំ ។

ជាមួយគ្នានោះដែរប្រេសិតពិសេស នៃប្រធានអាស៊ាន ក៏បានស្វាគមន៍ចំពោះការដោះលែង អ្នកទោសទ្រង់ទ្រាយធំនេះផងដែរ ។

អ្នកទោសដែលក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃប្រទេសមីយ៉ាន់ម៉ា ដោះលែងនោះរួមមាន៖ លោក ច ទិនស្វេ អតីតរដ្ឋមន្ត្រីការិយាល័យទីប្រឹក្សារដ្ឋ, អ្នកស្រី ឡី ឡី ម៉ អតីតអភិបាលតំបន់តានីនតាយី (Tanintharyi), លោក ម្ញា អៃ សកម្មជនគាំទ្រ លទ្ធិប្រជាធិបតេយ្យ ជំនាន់៨៨៨៨, បណ្ឌិត ម្ញោ ញុនត៍ សមាជិក គណៈកម្មាធិការ កណ្តាល និង ជាអ្នកនាំពាក្យ នៃបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ (NLD), លោក ថេន អ៊ូ សមាជិកគណៈកម្មាធិការ កណ្តាលបក្ស NLD, លោក ច ហូ ទីប្រឹក្សាច្បាប់បក្ស NLD, សាស្រ្តាចារ្យ ម៉ោង តាឆូ និងព្រះតេជគុណ ស្វ៊ែ ញ៉ាវ៉ារ លោកស្រី វីគី បូម៉ែន អតីតឯកអគ្គរាជទូតចក្រ ភពអង់គ្លេស ប្រចាំនៅមីយ៉ាន់ម៉ា និងស្វាមី លោកសាស្រ្តាចារ្យ សន ធើណែល ជាអតីតទីប្រឹក្សា នយោបាយសេដ្ឋកិច្ច របស់លោកស្រី អោង សាន់ស៊ូជី លោក តូរូ គូបូតា ជាអ្នកកាសែត និងផលិតករភាពយន្តជប៉ុន និងលោក ច ថេ អ៊ូ ជាពលរដ្ឋអាមេរិក ។

ប្រេសិតពិសេស ចាត់ទុកការដោះលែង អ្នកទោសទ្រង់ទ្រាយធំនេះ ថា ជាកាយវិកាដ៏សំខាន់ក្នុងទិសដៅត្រឹមត្រូវ ដើម្បីបង្កើតបរិយាកាសអំណោយ ផលសម្រាប់ចាប់ ផ្តើមដំណើរការសន្ទនា ក្នុងចំណោមភាគីពាក់ ព័ន្ធទាំងអស់ នៅប្រទេសមីយ៉ាន់ម៉ា ។

ប្រេសិតពិសេស បញ្ជាក់ថា«នេះ គឺជាសញ្ញាបង្ហាញ ពីសុឆន្ទៈក្នុងការស្វែង រកដំណោះស្រាយ ដោយសន្តិវិធី ចំពោះវិបត្តិបច្ចុប្បន្ន និងជាការវិវត្តវិជ្ជមាន ស្របតាមស្មារតី និងបំណងប្រាថ្នា នៃកិច្ចព្រមព្រៀង ជាឯកឆន្ទ៥ចំណុច ដែលសំរេចក្នុង កិច្ចប្រជុំមេដឹកនាំអាស៊ាន នៅថ្ងៃទី ២៤មេសា ឆ្នាំ២០២១» ៕

To Top