ភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុប្រធានប្រតិបត្តិសមាគម TYDA បានមានប្រសាសន៍ថា លោក ហ៊ុន ម៉ាណែត និងលោកស្រីពេជ ចន្ទមុន្នី ប្រធាន អនុប្រធានក្រុមប្រឹក្សាភិបាល តែងតែយកចិត្តទុកដាក់ យ៉ាងខ្លាំង ក្នុងការសុខមាលភាព របស់ប្រជាពលរដ្ឋ និយាយជារួម និងនិយាយដោយឡែក លោកទាំងពីរបានយកចិត្តទុកដាក់ខ្លាំង ចំពោះសុខមាលភាពក្មួយៗ សិស្សានុសិស្ស ដែលជាទំពាំងស្នងឬស្សី។

លោកវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង បានបន្ថែមទៀតថា សុខភាពមាត់ធ្មេញ មានសារៈសំខាន់ណាស់ សម្រាប់ក្មួយៗ សិស្សានុសិស្ស ព្រោះនៅពេលដែល សុខភាពមាត់ធ្មេញរឹងមាំ សុខភាពទូទៅកាន់តែល្អប្រសើរ ហើយរាង្គកាយរឹងមាំ នោះក្មួយៗមករៀន សូត្របានទៀងទាត់ ដែលនឹងឱ្យក្មួយរៀនពូកែ និងលទ្ធផលសិក្សាបានល្អ។ លោកវេជ្ជបណ្ឌិតក៏បញ្ជាក់ថារហូតមកដល់សព្វថ្ងៃនេះ TYDA មានអាយុ១០ឆ្នាំហើយ ដោយមានសមាជិកជាង ៨ពាន់នាក់ ហើយក្នុងរយៈពេល១០ឆ្នាំនេះ TYDA បានព្យាបាលជំងឺទូទាំងប្រទេសបានជាង ៣៥ម៉ឺននាក់ ហើយអ្នកជំងឺធ្ងន់ធ្ងរ ចំនួនជាង ៦ពាន់នាក់ ត្រូវបានសមាគមបញ្ចូន មកព្យាបាលបន្តនៅរាជធានីភ្នំពេញ និងជាមួយដៃគូរសហការនានា ក្នុងនោះអ្នកជំងឺបេះដូងធ្ងន់ធ្ងរ ចំនួន ៥៨នាក់ បានបញ្ចូនមក និង វះកាត់ដោយជោគជ័យផងដែរ ។

លោកស្រី ឈុន ស៊ុននី អភិបាលរង នៃគណៈអភិបាល ខណ្ឌពោធិ៍សែនជ័យ បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលខិតខំស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនបងប្អូន ប្រជាពលរដ្ឋយើងទាំងអស់គ្នា ។ ដោយសារយើង បានចាក់វ៉ាក់សាំងគ្រប់គ្នាៗនេះហើយ ទើបយើងបានជៀស ផុតពីជំងឺកូវីដ-១៩ ដែលផ្តល់ឱកាសឱ្យយើង បានជួបជុំគ្នាដោយផ្ទាល់ឡើងវិញ ក៏ដូចជាក្មួយៗ បានត្រលប់មកសិស្សាវិញ ។ លោកស្រីអភិបាលរងខណ្ឌ ក៏បានផ្ដល់ដំបូន្មានឱ្យក្មួយៗ សិស្សានុសិ្សយកចិត្តទុកដាក់ថែទាំសុខភាពផ្ទាល់ខ្លួន និងខិតខំរៀនសូត្រឱ្យបានពូកែជាឆ្ងាយពីអំពើអបាយមុខផ្សេងៗ ដើម្បីក្លាយខ្លួនជាកូនល្អសិស្សល្អនិងប្រជាពលរដ្ឋល្អ ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិ។

លោកស្រីអភិបាលរងខណ្ឌ បានគោរពថ្លែងអំណរគុណ លោក ហ៊ុន ម៉ាណែត និង លោកស្រី ពេជ ចន្ទមុន្នី ដែលបានបញ្ជូនក្រុមការងារ និងកម្លាំងស្ម័គ្រចិត្ត នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ “TYDA ” ចុះព្យាបាល និងអប់រំសុខភាពមាត់ធ្មេញ សិស្សានុសិស្សអនុវិទ្យាល័យគោកបញ្ជាន់ និងថ្លែងអំណរគុណយុវជន សមាគម អ.ម.ត យុវជនសសយក សប្បុរសជន លោក លោកស្រី មន្ត្រីសាលាខណ្ឌ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងផ្នែកដែលពាក់ព័ន្ធ ដែលបានចូលរួមសហការ រៀបចំកម្មវិធីពិនិត្យជំងឺនាថ្ងៃនេះ ។

សូមបញ្ជាក់ថា ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមការងារនិងកម្លាំងស្ម័គ្រចិត្តនៃសមាគម TYDA ចំនួន៨៧នាក់ បានចុះពិនិត្យព្យាបាលជំងឺមាត់ធ្មេញ ជំងឺទូទៅ និងអប់រំសុខភាព មាត់ធ្មេញ-សុខភាពទូទៅ ជូនក្មួយៗ សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្ស នៅអនុវិទ្យាល័យ គោកបញ្ជាន់ ស្ថិតក្នុង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ បានចំនួន ៥៨៩នាក់ និងបាននាំយកមក ជាមួយនូវកញ្ចប់ឃីត សម្រាប់ក្មួយៗ លោកគ្រូអ្នកគ្រូ និងអាណាព្យាបាលផងដែរ ក្នុងនោះមានសៀវភៅរូបសម្តេច ចំនួន ០២ក្បាល ប៊ិច ចំនួន ០២ដើម ជែលលាងដៃ ០៥ដប ម៉ាស ចំនួន ២០ម៉ាស ច្រាសដុសធ្មេញ ០១ និងជូនវិទ្យាល័យឬស្សីកែវ ជែលលាងដៃ ចំនួន១០០ដបធំ និងម៉ាស់ ចំនួន៥០០០ម៉ាស៕






