ព័ត៌មានជាតិ

ក្រោយជាសះស្បើយ ពីជំងឺកូវីដ១៩ សម្ដេចតេជោ ហ៊ុន សែន​ មានកម្មវិធីពេញ ១សប្ដាហ៍

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានប្រកាសថា នឹងចាប់ផ្ដើម ចេញបំពេញការងារ ទាំងជំនួបផ្ទាល់ ក៏ដូចជាកម្មពិធីផ្សេងៗ ចាប់ពីស្អែកនេះ ខណៈជំងឺកូវីដ១៩ ត្រូវបានជាសះស្បើយ។

នៅលើគណនីហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! មកដល់ពេលនេះមេរោគកូវីដ.១៩ត្រូវបាន ធ្វើតេស្តអវិជ្ជមានទាំងស្រុងហើយ។ គ្រូពេទ្យដែលព្យាបាលខ្ញុំចេញលិខិត បញ្ជាក់ដូចមានភ្ជាប់ជាមួយ»។

សម្ដេចគូសបញ្ជាក់ថា «ចាប់ពីថ្ងៃអាទិត្យស្អែកនេះ និងពេញមួយ សប្តាហ៍ខ្ញុំមានកម្មវិធីពេញទាំងអស់ តែច្បាស់ជាមិនហត់ពេកនោះទេ» ។

ឆ្លៀតក្នុងឱកាស សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ញើរសារ អរគុណដល់ បងប្អូនជនរួមជាតិ ដែលបារម្មណ៍និងបានជូនពរដល់រូបសម្ដេច ផងដែរ។

សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន បានផ្អាកជំនួបការងារ និងអញ្ជើញជាអធិបតីក្នុងកម្មវិធីផ្សេងៗអស់រយៈពេលប្រមាណ៥ថ្ងៃហើយ បន្ទាប់ពីរកឃើញវិជ្ជមានជំងឺកូវីដ១៩ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ពេលអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលG20 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី៕

To Top