ព័ត៌មានជាតិ

ប្រមុខការពារជាតិចិន ប្រកាសបន្តជួយកម្ពុជា បន្ថែមទៀត

ភ្នំពេញ៖  ជាមួយនឹងការសាទរ ចំពោះទំនាក់ទំនងល្អ រវាងកងទ័ពទាំងពីរ កម្ពុជា-ចិន ដែលកំពុងមាន​ និងកិច្ចសហប្រតិបត្តិការល្អប្រកបដោយផ្លែផ្កា លោក វ៉ី ហ្វុងហឺ (Wei Fenghe) រដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសថា នឹងបន្តជួយដល់កម្ពុជា បន្ថែមទៀត។ នេះបើយោងតាមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន។

ការប្រកាសនេះ ធ្វើឡើង ក្នុងជំនួបពិភាក្សាការងារ រវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយនឹងលោក វ៉ី ហ្វុងហឺ (Wei Fenghe) រដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ខណៈលោកបានមកចូលរួម​កិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិ​អាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិបូក ដែលនឹងប្រព្រឹត្ត ទៅនៅខេត្តសៀមរាប នាថ្ងៃទី២៣ វិច្ឆិកា ខាងមុខ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅក្នុងជំនួបនេះ លោក វ៉ី ហ្វុងហឺ បានគោរពវាយតម្លៃខ្ពស់​ និងសម្ដែង​នូវការ​អបអរសាទរជូនសម្ដេចតេជោ ចំពោះការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស របស់កម្ពុជា ជាមួយ​នឹងការដឹកនាំ កិច្ចប្រជុំកំពូល​អាស៊ាន និងកិច្ចប្រជុំកំពូល​ពាក់ព័ន្ធ ទទួលបានលទ្ធផល យ៉ាងជោគជ័យ។

លោក វ៉ី ហ្វូងហឺ ក៏បានសម្ដែងនូវការរីករាយ ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសរវាងកងទ័ព និងកងទ័ព​ដែលកំពុងមាន​ទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការល្អប្រកបដោយផ្លែផ្កា។ ឆ្លៀតក្នុងឱកាសនោះដែរ លោកក៏បានជម្រាប​ជូនសម្ដេចតេជោ​ ថា ចិន នឹងបន្តជួយដល់កម្ពុជា ថែមទៀត។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះ លោក វ៉ី ហ្វុងហឺ ដែលបានមកចូលរួម​ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ ​អាស៊ានបូក ដោយផ្ទាល់ ហើយក៏បានថ្លែងអំណរគុណ ជូនលោកផងដែរ ចំពោះការវាយតម្លៃ អំពី​ការរីកចម្រើនរបស់​កម្ពុជា និងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធកន្លងទៅ រួមជាមួយនឹង ការថ្លែងអំណរគុណ ដល់​ជំនួយរបស់មិត្តចិន ដែល​បានចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍ ទាំងធនធានមនុស្ស និងការអភិវឌ្ឍន៍របស់កម្ពុជា ៕

To Top