ព័ត៌មានជាតិ

ឥណ្ឌូនេស៊ី ស្នើអាយប៉ាពិភាក្សាលើ ការអនុវត្តក្រមប្រតិបត្តិ ៥ចំណុចរបស់អាស៊ាន ចំពោះដំណោះស្រាយ នៅមីយ៉ាន់ម៉ា

ភ្នំពេញ៖ នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ មហាសន្និបាតអន្តរសភាអាស៊ាន លើក ទី៤៣ ហៅកាត់ថា (AIPA43) ប្រទេស ឥណ្ឌូនេស៊ីបានស្នើឱ្យមាន ការអនុវត្ត ក្រមប្រតិ បត្តិ៥ចំណុចរបស់អាស៊ាន ចំពោះដំណោះស្រាយនៅមីយ៉ាន់ម៉ា ។

ការស្នើនេះធ្វើឡើងក្នុងរបៀបវារៈបន្ទាន់មួយ នៅក្នុងកិចប្រជុំគណៈម្មាធិការប្រតិបត្តិអាយប៉ា កាលពីយប់ថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃ ព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអន្តរស ភាអាស៊ានលើកទី៤៣។

ជាកិច្ចចាប់ផ្តើម សម្តេច​ ហេង សំរិន ប្រធានរដ្ឋសភា បានប្រកាសជ្រើសតាំង លោក​ Chuan LEEKPAI ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃ ជាអនុប្រធានដឹកនាំកិច្ចប្រជុំ គណៈដោយកិច្ចប្រជុំ កម្មាធិការប្រតិបត្តិអាយប៉ា បានធ្វើការពិភាក្សានិងអនុម័តលើកម្មវិធី សកម្មភាពសម្រាប់មហាសន្និបាត អាយប៉ាលើកទី៤៣ មានដូចជា៖

១- កម្មវិធីសកម្មភាពសម្រាប់ មហាសន្និបាតអាយប៉ាលើកទី៤៣
២- របៀបវារៈសម្រាប់កិច្ចប្រជុំ តាមគណៈកម្មការទាំង៦ នៃមហាសន្និបាតអាយប៉ាលើកទី ៤៣ ដែលរួមមាន កិច្ចប្រជុំគណៈកម្មាធិការសមាជិកសភាស្រ្តី កិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា កិច្ចប្រជុំគណៈកម្មាធិការនយោបាយ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច កិច្ចប្រជុំគណៈកម្មាធិការរៀបចំ កិច្ចប្រជុំគណៈកម្មាធិការកិច្ចពិភាក្សាជាមួយសភាសង្កេតការណ៍ កិច្ចប្រជុំរវាងប្រតិភូអាយប៉ា និងអគ្គលេខាធិការអាស៊ាន កិច្ចប្រជុំគណៈកម្មាធិការបូកសរុប។

ផ្ទាំងពាណិជ្ជកម្ម

៣- ការសម្រេចអំពីកាលបរិច្ឆេទ និងទីកន្លែងសម្រាប់មហា សន្និបាតអាយប៉ាលើកទី៤៤។
នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនេះដែរ ក៏មានការអនុម័តបញ្ចូលសភានៃ ប្រទេសនេប៉ាល់ សភានៃប្រទេសអាហ្សែបៃហ្សង់ និងសភាសហរដ្ឋអាមេរិក ជាសមាជិក សង្កេតការណ៍អន្តរសភាអាស៊ាន ចាប់ពី មហាសន្និបាតអាយប៉ាលើកទី៤៣ នេះតទៅ។

សម្តេច​ ហេង​ សំរិន​ លើកឡើងថាដោយឡែករបៀវារៈបន្ទាន់ ដែលស្នើដោយឥណ្ឌូនេស៊ី ស្តីពីការជម្រុញឱ្យមាន ការអនុវត្តក្រមប្រតិបត្តិ ៥ចំណុចរបស់អាស៊ាន ចំពោះដំណោះស្រាយ នៅមីយ៉ាន់ម៉ា គណៈកម្មាធិការប្រតិបត្តិបាន សម្រេចបញ្ជូនទៅឱ្យគណៈកម្មាធិកា រជំនាញនយោបាយ ដើម្បីជជែកពិភាក្សា នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការនយោបាយ នាថ្ងៃទី២២ ខែវិច្ឆិកា ខាងមុខ។

សូមជម្រាបថាអន្តរសភាអាស៊ាន ( AIPA) ជាវេទិកាសភាបណ្ដាប្រទេសជាសមាជិក អាស៊ានដែលបានប្រមូលផ្តុំនូវមតិយោបល់ ទស្សនៈរបស់តំណាងពលរដ្ឋ ក្នុងការលើ កកម្ពស់យន្តការសភា ក្រោមចក្ខុវិស័យទូលំទូលាយ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដោះស្រាយបញ្ហារួម ដែលប៉ះពាល់ដល់តំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាពិភពលោក ឱ្យមានសន្តិសុខ ស្ថិរភាពនិងវិបុលភាព ប្រកដោយចីរភាព។

សមាជិករបស់ AIPA រួមមាន ប្រទេសព្រុយណេដារូស្សាឡាម កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបុរី ថៃ និងប្រទេសវៀតណាម៕

To Top