ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ មានព្រះរាជបន្ទូលថា ទោះជាយ៉ាងណាក៏ដោយ ត្រូវតែបន្តការពារថែរក្សាពួនជ្រុំ នូវសន្តិភាពដែលសម្រេចបាន ឱ្យគង់វង្សស្ថិតស្ថេរយូរអង្វែង។
យោងតាមព្រះរាជសាររបស់ព្រះមហាក្សត្រ នាឱកាសមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ (AIPA-43) នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ព្រះអង្គ មានព្រះរាជបន្ទូលទៀតថា «ទោះជាយ៉ាងណាក៏ដោយ យើងត្រូវតែបន្តការពារ ថែរក្សាពួនជ្រុំនូវសន្តិភាព ដែលសម្រេចបានឲ្យគង់វង្ស ស្ថិតស្ថេរយូរអង្វែង។សន្តិភាពអាចនឹងត្រូវបាន បំផ្លាញនៅពេលណាមួយ ដោយសារបញ្ហាប្រឈមជាប្រពៃណី ពីទីជិត ឬឆ្ងាយ ក៏ដូចជាការគំរាមកំហែង មិនមែនជាប្រពៃណីជាច្រើន ដែលអាចបង្កអស្ថិរភាព ដល់សង្គមរបស់យើង»។
ព្រះអង្គ មានព្រះរាជបន្ទូលបញ្ជាក់ថា ផលប៉ះពាល់ក្នុងរយៈពេលវែង ដោយសារជំងឺរាតត្បាតកូវីដ-១៩ នឹងបន្តជះឥទ្ធិពលលើសេដ្ឋកិច្ច ក្នុងតំបន់អស់រយៈពេលជាច្រើនឆ្នាំ ឬជាច្រើនទសវត្សរ៍ទៅខាងមុខទៀត។ វិបត្តិនយោបាយក្នុងប្រទេសមីយ៉ាន់ម៉ា មិនត្រឹមតែបង្កឲ្យមានហឹង្សានយោបាយ និងជម្លោះប្រដាប់អាវុធផ្ទៃក្នុង ឲ្យកាន់តែធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែនឹងធ្វើឱ្យប្រជាជននៃប្រទេសនេះ បាត់បង់នូវឱកាសសម្រាប់ការអភិវឌ្ឍន៍ ធនធានមនុស្សរបស់ខ្លួនផងដែរ ។ អ្វីដែលធ្ងន់ធ្ងរជាងនេះទៅទៀត វាអាចបំផ្លាញមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃសហគមន៍អាស៊ាន ដែលយើងទាំងអស់គ្នាបានខិតខំកសាងរួមគ្នា នាពេលកន្លងមក។
ព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជបន្ទូល ឱ្យដឹងទៀតថា ការកើនឡើងនូវភាពតានតឹង នៃការប្រកួតប្រជែងគ្នា រវាងប្រទេសមហាអំណាច និងការគម្រាមកំហែងថ្មីៗ នៃការប្រើប្រាស់នូវអាវុធនុយក្លេអ៊ែរ គឺជាក្តីបារម្ភយ៉ាងខ្លាំង ចំពោះជោគវាសនារបស់មនុស្សជាតិទាំងមូល។ ជាការពិតណាស់យើងនៅតែ ដាក់ចេញនូវវិធានការដោះស្រាយជារៀង រាល់ថ្ងៃនូវវិបត្តិបម្រែបម្រួលអាកាសធាតុ និងគ្រោះមហន្តរាយនានា ដែលបានបំផ្លាញសន្តិសុខស្បៀងអាហារ និងជីវភាពរស់នៅរបស់ ប្រជាជនយើងនៅក្នុងតំបន់។ ប៉ុន្តែបញ្ហាដ៏ធ្ងន់ធ្ងរទាំងនេះ គឺពុំមានអ្វី ដែលយើងពុំអាចដោះស្រាយបាននោះទេ យើងអាចដោះស្រាយបញ្ហាទាំងនោះ តាមរយៈការធ្វើការងាររួមគ្នា ដោយប្រើប្រាស់នូវធនធានមនុស្ស និងបញ្ញា គតិបណ្ឌិត និងការជឿនលឿនផ្នែកបច្ចេកវិទ្យា ប្រកបដោយនវានុវត្តន៍។
ព្រះមហាក្សត្រ មានព្រះរាជបន្ទូលទៀតថា ចំពោះបញ្ហាទាំងនោះ អាស៊ានមានគោលការណ៍សំខាន់ៗ ដែលខ្លួនមានស្រាប់ក្នុងការដោះស្រាយ។ ដោយផ្អែកលើធម្មនុញ្ញរបស់ អង្គការសហប្រជាជាតិមជ្ឈភាព របស់អាស៊ាននឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិ ដោយឈរលើមូលដ្ឋានច្បាប់ ដើម្បីបម្រើឧត្តមប្រយោជន៍សម្រាប់ប្រជាជន របស់យើងទាំងនៅក្នុងតំបន់ ក៏ដូចជានៅលើពិភពលោក ៕