ព័ត៌មានជាតិ

សម្ដេច សាយ ឈុំ ប្រាប់ប្រតិភូអាយប៉ា ថា ពេលងើបឡើងវិញពីវិបតិ្តកូវីដ១៩ បញ្ហាប្រឈមជាច្រើន​ កំពុងទាមទារឱ្យមាន ការយកចិត្តទុកដាក់ខ្ពស់

ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រាប់គណៈប្រតិភូអាយប៉ាថា នៅពេលអាស៊ានកំពុងងើបឡើងវិញ ពីជំងឺរាតត្បាតកូវីដ-១៩ និងផលប៉ះពាល់កើតចេញពីវិបតិ្តកូវីដ-១៩ បញ្ហាប្រឈមជាអាទិភាព ជាច្រើនកំពុងទាមទារឱ្យមានការ យកចិត្តទុកដាក់ខ្ពស់ ។

ក្នុងពិធីបើកមហាសន្និបាតអាយប៉ា លើកទី៤៣ ក្រោមមូលបទ «បោះជំហានជាមួយគ្នា ដើម្បីចីរភាព បរិយាបន្ន និងភាពធន់របស់អាស៊ាន» នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេច សាយ ឈុំ មានប្រសាសន៍ថា «នៅពេលដែលយើងសម្លឹងឆ្ពោះ ទៅអនាគតរួមគ្នា គឺច្បាស់ណាស់ថា វៀរលែងតែយើងមានឆន្ទៈរួមគ្នា ដែលរឹងមាំជាងមុន និងសកម្មភាពដ៏ស្អិត រមួតរបស់យើងនោះទេ ទើបអាចឱ្យយើងតម្រែតម្រង់តំបន់របស់យើង ដោះស្រាយរាល់បញ្ហាប្រឈមជាច្រើន ដែលតំបន់អាស៊ានយើងកំពុងជួបប្រទះបាន» ។

សម្ដេច បន្ដថា «នៅពេល ដែលយើងកំពុង ងើបឡើងវិញពីជំងឺរាតត្បាតកូវីដ-១៩ និងផលប៉ះពាល់ដែលកើតចេញពីវិបតិ្តកូវីដ-១៩ បញ្ហាប្រឈមជាអាទិភាព ជាច្រើនកំពុងទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ពីយើងទាំងអស់គ្នា ដែល រួមមាន៖ ភាពអាសន្ននៃការប្រែប្រួលអាកាសធាតុ ការកើនឡើងនៃភាពតាន តឹងភូមិសាស្ត្រនយោបាយ ជម្លោះប្រដាប់អាវុធ អតិផរណាខ្ពស់នាំឱ្យតម្លៃ នៃការរស់នៅកើនឡើងខ្ពស់ កង្វះខាតថាមពលដែលនាំឱ្យកំណើន វិសមភាពក្នុងសង្គម និងអត្រាភាពក្រីក្រកាន់តែអាក្រក់»។

លើសពីនេះ សម្ដេច សាយ ឈុំ ក៏បានបញ្ជាក់ថា បញ្ហាទាំងអស់នេះ ប្រសិនបើមិនត្រូវបានដោះស្រាយទាន់ពេលវេលានោះទេ ប្រាកដជានឹងបន្ទុចបង្អាក់ យ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ ព្រមទាំងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់៕

To Top