ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់បេក្ខជនប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ត្រូវគោរពបទប្បញ្ញត្តិ នៃការប្រឡង ឱ្យបានល្អប្រសើរ ជាពិសេស មិនត្រូវលាក់ទុកជាប់នឹងខ្លួន នូវឧបករណ៍អេឡិចត្រូនិក គ្រប់ប្រភេទ ចូលក្នុងមណ្ឌលប្រឡងជាដាច់ខាត។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងអប់រំ នាថ្ងៃទី២១ វិច្ឆិកា នេះ បញ្ជាក់ថា កាលបរិច្ឆេទសំខាន់ៗ នៃការប្រឡងឆ្នាំនេះ រួមមាន៖ ដំណើរការសំណេរប្រព្រឹត្តទៅក្នុងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២, ដំណើរការកំណែប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៨-១៤ ធ្នូ, ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥-២៦ ធ្នូ។ ដោយឡែក ក្រសួងកំណត់យកថ្ងៃទី២៧ ធ្នូ ពេលរសៀល សម្រាប់ប្រកាស លទ្ធផលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល និងនៅថ្ងៃទី២៨ ធ្នូ សម្រាប់ខេត្តផ្សេងៗ នៅទូទាំងប្រទេស ។
ក្រសួង បញ្ជាក់ថា បេក្ខជនចុះឈ្មោះប្រឡងសរុប ១២៨ ១៣៤ នាក់ ស្រី ៦៨ ៧៧១ នាក់ ។ បេក្ខជនត្រូវបានរៀបចំ ចំនួន២៥នាក់ ក្នុងមួយបន្ទប់ លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជន មកពីវិទ្យាល័យអប់រំពិសេស ។ មណ្ឌលសំណេរមានចំនួនសរុប ២២១ មណ្ឌល ត្រូវជា ៥ ១៧៤ បន្ទប់។ មណ្ឌលកំណែសម្រាប់ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន ១០ – មណ្ឌល នៅរាជធានីភ្នំពេញ។ មណ្ឌលស្រង់ បូកពិន្ទុដោយ កុំព្យូទ័រ ត្រូវបានកំណត់ នៅអគាររដ្ឋបាល ក្រសួងអប់រំ យុវជន និងកីឡា(ជាន់ទី៥)។ មណ្ឌលផ្ទៀងផ្ទាត់ពិន្ទុ ត្រូវបាន កំណត់នៅសាលាបឋម សិក្សាចៅពញាហុក ។ វិញ្ញាសាទាំងអស់ត្រូវបានជ្រើសរើស តាក់តែង រៀបចំ និងគ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា»។
ជាងនេះទៅទៀត ក្រសួងអប់រំ នឹងរៀបចំការបិទបញ្ជីឈ្មោះបេក្ខជនប្រឡងនៅតាមរាជធានី ខេត្ត ចំនួនពីរលើកគឺ៖ លើកទី១ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីឱ្យបេក្ខជនបានពិនិត្យ និងរកមើលមណ្ឌលប្រឡងត្រូវនឹងអក្ខរក្រមនៃឈ្មោះ របស់ខ្លួន និងលើកទី២ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ ដើម្បីពិនិត្យមើលនិងបញ្ជាក់ម្តងទៀតអំពី មណ្ឌលប្រឡង លេខបន្ទប់ និងលេខតុ។ បេក្ខជនទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខភាព និងសុវត្ថិភាពសម្រាប់ការប្រឡងសញ្ញាបត មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ ជាពិសេសត្រូវរក្សាគម្លាតសុវត្ថិភាព និងពាក់ម៉ាស់ឱ្យបានត្រឹម ត្រូវជាប្រចាំនៅក្នុងមណ្ឌលប្រឡង។
ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ទៀតថា «សូមអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យ បានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់ នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិច គ្រប់ប្រភេទចូលក្នុងមណ្ឌល ប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថា បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិត វិន័យ បេក្ខជននឹងត្រូវបានកំណត់ ឱ្យធ្លាក់ជាស្វ័យប្រវត្តិ»៕