ព័ត៌មានជាតិ

ឃុំខ្លួនស្ត្រីអ្នកជំនួញ ឈ្មោះពេជ្រ ស្រីមុំ ជាប់ពាក់ព័ន្ធការចេញសែកស្អុយ ជាច្រើនលានដុល្លារអាមេរិក

ភ្នំពេញៈ ចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២២ បានសម្រេចឃុំខ្លួន ស្ត្រីអ្នកជំនួញ បែបហាយសូរម្នាក់ ឈ្មោះ ពេជ្រ ស្រីមុំ និងបានបញ្ជូននាង ទៅឃុំខ្លួនជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារ ដើម្បីរង់ចាំ ដោះស្រាយ តាមនិតិវិធីច្បាប់ ជាប់ពាក់ព័ន្ធនឹងបទល្មើសចេញសែកស្អុយ ជាងច្រើនលានដុល្លារអាមេរិក ។

យោងតាមដីកាបង្គាប់ ឱ្យឃុំខ្លួនបណ្ដោះអាសន្នរបស់ជនត្រូវចោទ បានឱ្យដឹងថា: ជនត្រូវចោទឈ្មោះ ពេជ្រ ស្រីមុំ អាយុ ៣៥ ឆ្នាំ ត្រូវបានតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ: មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ ដែលអាចជូនដូរបាន ( ឬចេញសែកស្អុយ) និង ត្រូវប្រឈមនឹងការជាប់គុក ចន្លោះពី ១ ទៅ ២ ឆ្នាំ ប្រសិនបើ តុលាការរកឃើញ ពិរុទ្ធភាព ។

ជនជាប់ចោទត្រូវបានចាប់ឃាត់ខ្លួន តាមដីកាតុលាការ កាលពីថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅចំណុចផ្ទះលេខ៤ដេ ផ្លូវដាវីន បុរី វរជន ស្ថិតនៅ ក្នុងតំបន់កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

គួររំលឹកថាៈ កាលពីថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២២ ឈ្មោះ ពេជ្រ ស្រីមុំ ក៏ធ្លាប់ត្រូវបានកម្លាំង ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនផងដែរ តាមដីកាបញ្ជាឲ្យចូលខ្លួន របស់លោកព្រះរាជអាជ្ញា ច្រឹង ខ្មៅ ជាប់ពាក់ព័ន្ធករណី មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន នូវ ទឹកប្រាក់ ប្រមាណ ៨សែនដុល្លារ តាមពាក្យបណ្តឹងរបស់ឈ្មោះ លឹម ហ៊ួរនីតូ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ ពាណិជ្ជករ។ ក៏ប៉ុន្តែ នាងត្រូវបានដោះលែង អោយស្ថិតនៅក្រៅឃុំបណ្តោះអាសន្ន នាពេលនោះ ៕

ដោយ: លីហ្សា

To Top