ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជា ឈានទៅដល់ការ ប្រកាសខេត្ត-រាជធានី ចំនួន៥ ដែលគ្មានមីន

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឱ្យដឹងថា កម្ពុជា ឈានទៅដល់ការប្រកាសខេត្ត-រាជធានី ចំនួន៥ គ្មានមីន រួមមាន៖ ខេត្តស្ទឹងត្រែង-កែប-ព្រៃវែង-ភ្នំពេញ និងព្រះសីហនុ ស្មើនឹងចំនួន ១ ៧០៥ភូមិ។

នាឱកាសអញ្ជើញបិទសន្និបាតជាតិខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលកោះពេជ្រ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមានពេលប្រមាណ ៣ឆ្នាំទៀត ដើម្បីបន្តការបោសសម្អាតមីន សំដៅឈានដល់ការសម្រេចបាន គោលដៅចុងក្រោយ គឺកម្ពុជាមិនមានមីនប្រឆាំងមនុស្ស ចាប់ពីឆ្នាំ២០២៥ ជាមួយនឹងការគំរាមដោយ សំណល់ជាតិផ្ទុះនឹងត្រូវបានកាត់បន្ថយ ដល់កម្រិតអប្បរមា។

សម្ដេចតេជោ បញ្ជាក់ថា «កម្ពុជាបានឈានទៅដល់ការប្រកាសខេត្ត រាជធានីចំនួន ៥ គ្មានមីន រួមមាន ខេត្តស្ទឹងត្រែង កែប ព្រៃវែង ភ្នំពេញ និងព្រះសីហនុ ក្នុងនោះ ភូមិចំនួន១ ៧០៥ ត្រូវបានប្រកាសជាភូមិអស់មីន ផងដែរ»។

ដើម្បីរួមចំណែកដល់ការ សម្រេចនូវគោលដៅឆ្នាំ ២០២៥ សម្តេច នាយករដ្ឋមន្ដ្រី ក៏បានផ្តល់នូវទស្សនៈមួយចំនួនដូចខាងក្រោម៖

ទី១-សូមបន្តកិច្ចសហប្រតិបត្តិការ គាំទ្ររបស់ដៃគូអភិវឌ្ឍ ប្រទេសជាមិត្ត វិស័យឯកជន និងសប្បុរសជន ទាំងផ្នែក បច្ចេកទេស ថវិកា និងសម្ភារៈ ក្នុងបេសកកម្មបោសសម្អាតមីននៅកម្ពុជា ដើម្បីឈានដល់ការសម្រេចបាន នូវគោលបំណងនៃ ផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ និង ការសម្រេចបានគោលដៅ «កម្ពុជាគ្មានមីន» នៅត្រឹមឆ្នាំ ២០២៥។

ទី២-ក្រសួង ស្ថាប័នដែលមានគម្រោងអភិវឌ្ឍថ្នាក់ជាតិ ពាក់ព័ន្ធនឹងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះត្រូវសហការ ជាមួយអាជ្ញាធរមីន ដើម្បីកំណត់វិធីសាស្ត្របោសសម្អាតមីនសមស្រប និងមានប្រសិទ្ធភាព ដើម្បីធានាឱ្យបានថា ប្រតិបត្តិការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះ អនុលោមទៅតាមបទប្បញ្ញត្តិ គុណភាព សុវត្ថិភាព និងស្តង់ដារនៃការបោសសម្អាត។

ទី៣-សូមលើកទឹកចិត្តដល់ក្រសួងសុខាភិបាល និង ស្ថាប័នពាក់ព័ន្ធឱ្យបន្តយកចិត្ត ទុកដាក់ក្នុងការផ្តល់សេវាសុខា- ភិបាល និងព្យាបាលជំងឺដោយឥតគិតថ្លៃ ប្រកបដោយវិជ្ជាជីវៈ ដល់ប្រតិបត្តិករបោសសម្អាតមីន ។

ទី៤-អាជ្ញាធរមីនត្រូវកែសម្រួលឯកសារគតិយុត្ត និងធ្វើសុខដុមនីយកម្មរចនាសម្ព័ន្ធ នៃការគ្រប់គ្រងសកម្មភាពមីន ដើម្បីដោះស្រាយបញ្ហាគំរាមដោយមីន និងសំណល់ជាតិផ្ទុះ និងត្រូវបន្តអនុវត្ត “យន្តការភូមិអស់មីន” ឱ្យបានជោគជ័យ ។

និង៥-សូមលើកទឹកចិត្តប្រតិបត្តិករ បោសសម្អាតមីនជាតិ-អន្តរជាតិ បង្កើនកិច្ចសហការជាមួយអាជ្ញាធរមីន ក្នុងការពង្រឹងបន្ថែមលើការងារ គ្រប់គ្រងវិស័យសកម្មភាពមីន និងការបញ្ជូនកម្លាំងដែលជាជនជាតិខ្មែរ ក្នុងវិស័យសកម្មភាពមីនទៅក្រៅប្រទេស ព្រមទាំងត្រូវធ្វើការសិក្សាតាមលក្ខណៈ បច្ចេកទេសជាក់ស្តែងអំពី លទ្ធភាពកាត់បន្ថយផ្ទៃដី ដែលមានការគំរាមដោយសារមីន និងសំណល់ជាតិផ្ទុះ សំដៅធានាសុវត្ថិភាព ប្រសិទ្ធភាព និងប្រសិទ្ធផល នៃការអនុវត្តការងារដ៏មានសារៈសំខាន់នេះ ៕

To Top