ភ្នំពេញ៖ លោក Konstantin Kosachev អនុប្រធានក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធ នៃសហព័ន្ធរុស្សី បានថ្លែងថា ប្រទេសរុស្ស៊ី ចាត់ទុកប្រទេសកម្ពុជា ជាដៃគូប្រកបដោយទំនុកចិត្ត ខណៈ រុស្ស៊ី-កម្ពុជា មានទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការតាំងពី យូរលង់ណាស់មកហើយ។

នាឱកាសអញ្ជើញជួបពិភាក្សា ការងារទ្វេភាគីជាមួយលោក ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក Konstantin Kosachev បានគូសបញ្ជាក់ថា «ប្រទេសរុស្ស៊ី និងប្រទេសកម្ពុជា មានទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការតាំងពី យូរលង់ណាស់មកហើយ។ ប្រទេសរុស្ស៊ីចាត់ទុកប្រទេសកម្ពុជា ជាដៃគូរប្រកបដោយទំនុកចិត្ត»។

លោក បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានា និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមដ៏ឆាប់រហ័ស របស់ប្រទេសកម្ពុជា។ លោក បានអះអាងថា ប្រទេសរុស្ស៊ីត្រៀមបញ្ជូនអ្នកសង្កេតការណ៍ បោះឆ្នោតមកប្រទេសកម្ពុជា នៅឆ្នាំ២០២៣ ខាងមុខនេះ។

ជាងនេះទៅទៀត លោក Konstantin Kosachev ក៏បានស្នើដល់រដ្ឋាភិបាល និងសភានៃប្រទេសទាំងពីរ ត្រូវយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំង ថែមទៀតដល់ការអភិវឌ្ឍទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងការអភិវឌ្ឍធនធានមនុស្ស។ ក្រៅពីនេះ ប្រទេសទាំងពីរគួរតែអនុវត្តឱ្យកាន់តែ ស៊ីជម្រៅក្នុងក្របខណ្ឌ គណៈកម្មការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិជ្ជាជីវៈ និងបច្ចេកទេស។

ចំពោះបញ្ហានៅអ៊ុយក្រែន លោក ទេព ងន បានគូសបញ្ជាក់ថា កម្ពុជាផ្តល់សារៈសំខាន់ដល់ការចរចា និងជំរុញឱ្យមានដំណោះស្រាយ ដោយសន្តិវិធី ពីព្រោះសង្គ្រាមពុំមែនជា ដំណោះស្រាយនៃវិបត្តិទេ។ លោក បន្ដថា កម្ពុជា បានធ្លាក់ទៅក្នុងភ្លើងសង្គ្រាមជា បន្តបន្ទាប់ចាប់តាំងពីចុងទសវត្សរ៍៦០ ហើយបានប្រយុទ្ធគ្នាអស់ជាច្រើនឆ្នាំ ប៉ុន្តែមិនអាចរកឃើញជ័យជម្នះ និងសន្តិភាពជាស្ថាពរបានទេ ៕
