ព័ត៌មានជាតិ

លោក កើត ឆែ សរសើរអាជ្ញាធរខណ្ឌសែនសុខ ដែល​រក្សា​សន្តិសុខ​សុវត្ថិភាព​ ជូនព​លរដ្ឋបានល្អប្រសើ

ភ្នំពេញ៖ ក្នុង​វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅខណ្ឌសែនសុខ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានចាប់អារម្មណ៍ និងសម្តែងនូវការកោតសរសើរ ចំពោះអាជ្ញាធរ ដែលបានដោះស្រាយបញ្ហា​ ជូនប្រជាពលរដ្ឋបានជាបន្តបន្ទាប់ ជាពិសេស​ក្នុងវេទិកានេះ ពុំមានពលរដ្ឋណាម្នាក់ លើកឡើងពីបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ ក្នុងមូលដ្ឋាននោះឡើយ ។

វេទិកានេះត្រូវបានធ្វើឡើងគ្រប់បណ្តាខណ្ឌ ហើយដែលធ្វើឡើងនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ជាខណ្ឌទី១០ ក្នុងចំណោមខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ដែលត្រូវផ្តល់ឱកាសជូនប្រជាពលរដ្ឋ​ បានលើកជាសំណើ សំណូមពរក្នុងវេទិកាពិគ្រោះយោបល់ ជូនដល់ថ្នាក់ដឹកនាំជួយដោះស្រាយ។

លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានលើកឡើងថា​ នេះជាការផ្តល់អោយប្រជាពលរដ្ឋបាន លើកជាសំណើ សំណូមពរក៏ដូចជាការផ្តល់ពត៏មាន ពីដំណើរការអភិវឌ្ឍន៏មូល ដ្ឋានជូនប្រជាពលរដ្ឋ, ពីលទ្ធផលដែលសំរេចបាន ក៏ដូចជាការប្រើប្រាស់កញ្ចប់ ថវិកាគំរោងអភិវឌ្ឍន៏៣ឆ្នាំរំកិល របស់រដ្ឋបាលរាជធានីភ្នំពេញ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋក៏អាចលើកឡើង ពីសំណើរសំណូមពរ ក្នុងន័យស្ថាបនាផងដែរ។

នាឱកាសនោះ មានប្រជាពលរដ្ឋច្រើន បានលើកជាសំណើសំណូមពរផ្ទាល់ម៉ាត់ ដែលភាគច្រើន​ ផ្តោតលើការសុំជួយស្ថាបនាផ្លូវ, សុំប្លង់កម្មសិទ្ធដី និងសុំជួយអន្តរាគមន៍ ពីការខ្ចីប្រាក់ពីអង្គការ ឬពីធនាគារ យកមកប្រើប្រាស់ដោះស្រាយ សំរាប់លើកកំពស់ជីវភាពគ្រូសារ និងសំណើរសុំដាក់ភ្លើងស្តុប ចំនួន៣កន្លែងជាដើម ។

ចំណុចដែលគួរកត់សំគាល់ ក្នុងវេទិកានេះ ប្រជាពលរដ្ឋមិនបានលើកឡើង​ ពីកង្វល់លើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងមូលដ្ឋាននោះឡើយ ទាំងនេះ គឺជាអ្វីដែលលោក កើត ឆែ បានចាប់អារម្មណ៍ និងសម្តែងនូវការកោតសរសើរ​ ចំពោះអាជ្ញាធរនៅទីនេះ ។

លោក កើត ឆែ បានឆ្លើយតបទៅនឹងសំណើរ និងសំណូមពររបស់ប្រជាពលរដ្ឋថា សំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ​មួយចំនួន​ ត្រូវបានអាជ្ញាធរខណ្ឌ និងរដ្ឋបាលរាជធានីភ្នំពេញបានដឹង​ និងកំពុងគិតគូសិក្សា ទៅលើលទ្ធភាព ដែលក្តាទាំងនេះ សូមឲ្យបងប្អូន យោគយល់អធ្យាស្រ័យ ហើយការសោះស្រាយ ក៏អាស្រ័យលើកញ្ចប់ថវិកាផងដែរ៕

To Top