សៀមរាប៖ លោក Raksha Mantri Rajnath Singh រដ្ឋមន្រ្តីការពារជាតិឥណ្ឌា និងសម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានកត់សម្គាល់ ពីទំនាក់ទំនងវប្បធម៌ និងប្រវត្តិសាស្ត្រដ៏សម្បូរបែបរវាងប្រទេសឥណ្ឌា និងកម្ពុជា។
ក្រសួងការពារជាតិឥណ្ឌា បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា មេដឹកនាំទាំងពីរ បានទទួលស្គាល់ប្រាសាទអង្គរវត្តដែលជាប្រាសាទបុរាណនៅក្នុងប្រទេសកម្ពុជាថាជានិមិត្តសញ្ញានៃ “ទំនាក់ទំនងដ៏យូរអង្វែង” រវាងប្រជាជាតិទាំងពីរ។
យោងតាមសារព័ត៌មាន The Print ចេញផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ឆ្នាំនេះ ឥណ្ឌា និងកម្ពុជា ប្រារព្ធខួបលើកទី ៧០ នៃទំនាក់ទំនងការទូត។
ក្នុងជំនួបនេះដែរ លោក Rajnath Singh បានអបអរសាទរចំពោះកម្ពុជាក្នុងការធ្វើជាប្រធានអាស៊ាន និង ADMM Plus ក្នុងឆ្នាំ ២០២២។
មេដឹកនាំទាំងពីរបានពិនិត្យលើ បញ្ហាទាំងមូលនៃកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ និងបានពិភាក្សាគ្នាអំពីមធ្យោបាយ ដែលមានប្រយោជន៍សម្រាប់គ្នាទៅវិញទៅមក ក្នុងការបន្តទំនាក់ទំនងទ្វេភាគីរវាង ប្រទេសទាំងពីរ។
គួរកត់សម្គាល់ថា ប្រទេសឥណ្ឌា និងកម្ពុជា ធ្វើជាសហប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិឥណ្ឌា-អាស៊ាន នៅថ្ងៃទី២២ ខែវិច្ឆិកា ដើម្បីរំលឹកខួបលើកទី៣០ នៃទំនាក់ទំនងការទូតរវាងឥណ្ឌា និងកម្ពុជា។
កិច្ចប្រជុំឥណ្ឌា-អាស៊ាន នឹងត្រូវធ្វើឡើងក្រោមអធិបតីភាព លោក Rajnath Singh។
លោកក៏នឹងចូលរួម ក្នុងកិច្ចប្រជុំ ADMM Plus នៅថ្ងៃទី ២៣ ខែវិច្ឆិកា ផងដែរ។
ក្រសួងការពារជាតិឥណ្ឌា បាននិយាយនៅក្នុង សេចក្តីប្រកាសព័ត៌មានថា “គំនិតផ្តួចផ្តើមផ្សេងៗក្នុងការជំរុញភាពជាដៃគូ ឥណ្ឌា-អាស៊ាន គ្រោងនឹងប្រកាសក្នុងអំឡុងពេលកិច្ចប្រជុំ។
នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជាក្នុងនាមជាប្រធាននៃកិច្ចប្រជុំ ADMM Plus នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី៩ ហើយ លោក Raksha Mantri នឹងថ្លែងសុន្ទរកថា ក្នុងវេទិកានេះ៕
ប្រែសម្រួលៈ ណៃ តុលា